ដោយ ៖ សុត្ថារ៉ា
ខេត្តព្រះសីហនុ ៖ ក្រុមសង្គ្រោះបានរកឃើញសាកសពបុរស ម្នាក់ទៀតហើយនៅក្នុងគំនរបាក់បែកនៃអគារដែលរលំនៅខេត្តព្រះសីហុន នៅវេលាម៉ោង ១១ និង ៣៥នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ។
ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់ដែលត្រូបានរកឃើញ កើនដល់១៨នាក់ហើយ និងអ្នករបួសចំនួន ២៤នាក់ ។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមុនស្សដែលសង្ស័យថា អាចមាននៅក្នុងគំនរផ្ទាំងថ្មនៃបំណែកអគារដួលរលំនេះបន្តទៀតនៅឡើយ។
ឧបទ្ទវហេតុនៃការរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤២រូប ក្នុងនោះស្លាប់ចំនួន១៨នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន ២៤នាក់ (ស្រី២នាក់)។ សាច់ញាតិជនរងគ្រោះដែលស្លាប់បានបំពេញបែបបទ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណីបណ្តើរៗហើយ ។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលបាន និងស្ថាប័នមួយចំនួន បានប្រកាសឧបត្ថម្ភថវិកាដល់ជនរងគ្រោះថ្នាក់ដល់ស្លាប់បាត់បង់ជីវិតដែលគ្រួសារសពនីមួយៗ ទទួលបានជាង៤០លានរៀល ចំណែកអ្នករងរបួសទទួលបានជាង៧លានរៀន និងទទួលការព្យាបាលដោយឥតគិតថ្លៃផងដែរ៕