ដោយ ៖ សុផល
ខេត្តកំពង់ចាម ៖ ជម្លោះក្នុងគ្រួសារមួយបានក្លាយជាវិបត្តិដោះស្រាយមិនរួច ធ្វើអោយបុរសជាប្តីសំរេចចិត្តធ្វើអត្តឃាតដោយយកឧបករណ៍ឆក់ត្រី ឆក់សម្លាប់ខ្លួនឯងបង្កអោយមានការភ្ញាក់ផ្អើល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២ នៅភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
មន្ត្រីប៉ូលិសបានអោយដឹងថា ជនសម្រេចចិត្តធ្វើអត្តឃាតនេះ បង្កដោយឈ្មោះ ឃុន សុខកង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើ បានយកឧបករណ៍ឆក់ត្រី ឆក់ខ្លួនឯងបណ្តាលអោយស្លាប់នៅលើផ្ទះរបស់ខ្លួន។ ប៉ូលិសបានបន្តថា ក្រោយពេលទទួលព័ត៌មានកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចុះទៅដល់កន្លែងកើតហេតុបង្កើតគណ:កម្មការចំរុះ ដើម្បីពិនិត្យសាកសពជនរងគ្រោះឈ្មោះ ឃុន សុខគង់ ឃើញមានស្លាកស្នាម ដូចខាងក្រោម÷-នៅត្រង់ពោះមានស្នាមរោលខ្លោច ទំហំ័៨×០.៥ស.ម។-នៅត្រង់ក្រោយខ្នងចខាងស្ដាំ ក្រោមស្លាបត្រចៀវ ក្រៅពីនេះ ពុំឃើញមានស្លាកស្នាមអ្វីផ្សេងៗទៀតទេ ។គណៈកម្មការចំរុះបានសន្និដ្ឋានថា សពជនរងគ្រោះ ឈ្មោះ ឃុន សុខកង គឺពិតជាស្លាប់ដោយសារឧបករណ៍ឆក់ត្រី ប្រាកដមែន។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះ និងប្រពន្ធមានកូនម្នាក់ រៀងរាល់ថ្ងៃគ្រួសារនេះ មានជម្លោះពាក្យសំដីគ្នាជារឿយៗ រហូតបុរសប្តីបានសុំលែងលះជាមួយប្រពន្ធរបស់ខ្លួន តែគេមិនដឹងថា ជម្លោះនេះផ្តើមចេញពីអ្វីឡើយ ហើយអ្នកខ្លះសង្ស័យថា មកពីការប្រចណ្ឌ ឬស្នេហាត្រីកោណ។
ប្រភពដដែលបានបន្តថា នៅថ្ងៃកើតហេតុ លោកមេភូមិ បានធ្វើការសំរបសំរួលអោយប្តី ប្រពន្ធមួយគូរនេះត្រូវគ្នាវិញ។ ក្នុងនោះបុរសជាប្តីមិនបានប្រកែកអ្វីឡើយ គឺបានយល់ព្រមតាមការផ្សះផ្សាររបស់លោកមេភូមិ ហើយក៏ដើរមកផ្ទះវិញ។ នៅពេលដែលប្រពន្ធមកតាមក្រោយ ឡើងដល់លើផ្ទះក៏ឃើញប្តីចងកស្លាប់បាត់ទៅហើយ ដោយមានលិខិតចំនួន ២សន្លឹកនៅក្បែរខ្លួន។ សពជនរងគ្រោះ ត្រូវបានប្រគល់អោយក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕