ដោយ ៖ សុត្ថារ៉ា
ភ្នំពេញ៖ តែពីរថ្ងៃប៉ុណ្ណោះ នៅក្រោយពេលមានករណីបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ ដោយបង្កឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់រួចមក នៅថ្ងៃទី២៤ មិថុនា នេះ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្លាស់ប្តូរ និងតែងតងអភិបាលខេត្តចំនួន៤ ដើម្បីរក្សានិរន្តរភាពនៃស្ថានភានសន្តិសុខ សុវត្ថិភាព សម្រាប់ខេត្តព្រះសីហនុ ដែលជាខេត្តដែលមានសក្តានុពលបំផុតលើវិស័យទេសចរណ៍របស់កម្ពុជា។
សូមជម្រាបថា តុល្យការចុងក្រោយ នៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៦រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។
តាមព័ត៌មានដែលត្រូវបានផ្សព្វ ផ្សាយនៅថ្ងៃនេះ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ត្រូវបានតែងតាំងឲ្យទៅជាអភិបាលខេត្តព្រះសីហនុ ជាមួយគ្នានេះ លោក ប្រាក់ សុវណ្ណ ពីអភិបាលរងខេត្តស្វាយរៀង ក៏ត្រូវបានតែងតាំងឲ្យទៅជាអភិបាលខេត្តព្រះវិហារ ឯលោក អ៊ុន ចាន់ដា ពីអភិបាលខេត្តព្រះវិហារ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ចាម វិញ។
លោក ខៀវ សុភ័គ ប្រធានខុទ្ទការល័យ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ ថា តាមពាក្យស្នើសុំរបស់សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ គឺបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំផ្ទេរភារកិច្ចខាងលើនេះ។
លោក ខៀវ សុភ័គ បានបញ្ជាក់ថា «សម្តេចក្រឡាហោម បានសុំការយល់ព្រមជាគោលការណ៍ ពីសម្តេចតេជោរួចហើយ ហើយសម្តេចនាយករដ្ឋមន្ត្រី ក៏បានឯកភាពដែរ»។
ស្របពេលគ្នានេះ តាមរយៈសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យពីរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយព្រះរាជក្រឹត្យមួយ ដកលោក ញឹក វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ហើយព្រះរាជក្រឹត្យមួយទៀត តែងតាំងលោក ជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី ហើយការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានប្រគល់ទៅលោក គន់ គឺំម វិញ៕