ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៥ ខែមិថុនា នេះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd ដើម្បីធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២ និងលេខ២២ ចាប់ពីក្រុងតាខ្មៅ ខេត្តកណ្តាល រហូតដល់ខេត្តតាកែវ ក្រោមកម្ចីឥណទានសម្បទានរបស់សាធារណៈរដ្ឋកូរ៉ ក្នុងទំហំទឹកប្រាក់ចំនួន ៥៦លានដុល្លារអាមេរិក។
គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងលេខ២២គឺជាគម្រោងក្រោមឥណទានសម្បទានពីធនាគារនីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវបានចុះហត្ថលេខាសាងសង់ជាផ្លូវការហើយ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ក្រោមវត្តមាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធាណៈការ និងដឹកជញ្ជូន។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលឹកដល់ក្រុមហ៊ុនសាងសង់ធ្វើផ្លូវប្រកបដោយគុណភាព និងការ ទទួលខុសត្រូវខ្ពស់បំផុត ពោលគឺមិនមែនធ្វើផ្លូវជាប់រហូតទេ គឺត្រូវផ្លូវឲ្យមានគុណភាព និងមាំ។ លោក រដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ផ្លូវជាតិលេខ ២នេះ នឹងត្រូវ បើកការដ្ឋានសាងសង់នៅអំឡុងខែវិច្ឆិកា រឺខែធ្នូខាងមុខនេះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានគណៈកម្មការដោះស្រាយផលប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ទៅតម្លៃទីផ្សារ ដោយមិនមែនធ្វើវាយកម្ទេចដោយ គ្មានសំណងនោះទេ។
គម្រោងនេះឆ្លងកាត់រាជធានី/ខេត្ត ចំនួនបីក្នុងនោះមាន ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ មានប្រវែងផ្លូវសរុបជាង៧២ គីឡូម៉ែត្រ។ គម្រោងផ្លូវជាតិលេខ២ ចាប់ផ្ដើមពីរង្វង់មូលតាខ្មៅ (ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល) ដល់រង្វង់មូលអូរចំបក់ (ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ) និងផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម។
គម្រោងខាងលើធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូAC (Asphalt Concrete) សាងសង់ស្ពានថ្មី ចំនួន១១។ ការស្ថាបនាគ្រោងនឹងប្រើរយៈពេល ៣០ខែ (ប្រហែល ២ឆ្នាំកន្លះ)។ បើតាមរដ្ឋមន្ត្រីសាធារណៈការឲ្យដឹងថា គម្រោងនេះបែងចែកជាបីកំណាត់ផ្លូវធំៗ មានដូចជា៖ កំណាត់ទី១៖ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលកួរស្រូវ ដែលមានប្រវែង ៨គ.ម ដោយពង្រីកពី ២ គន្លង ទៅ ៤ គន្លង។ កំណាត់ទី២៖ ចាប់ផ្តើមចេញពីរង្វង់មូលកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែង ៥៣គ.មស្ថិតក្នុងតំបន់ជនបទ និងកំណាត់ទី៣៖ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម (ផ្លូវជាតិលេខ២២) ដែលមានប្រវែងជាង៩គ.ម ស្ថិតក្នុងតំបន់ជនបទ៕