ហេរញ្ញិកគ្រឹះស្ថានហិរញ្ញវត្ថុ AMK ខេត្តព្រៃវែង បន្លំលួចលុយជាង ១១ម៉ឺនដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2019 ក+ ក-

 

ព្រៃវែង ៖ កម្លាំងនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីប្រពន្ធ ពាក់ព័នន្ធករណីចោរកម្ម(កេងបន្លំលុយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាព្រៃវែង ) កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

 

សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ ដោយយោងតាមពាក្យបណ្តឹងរបស់ដើមបណ្ដឹងឈ្មោះ ប៉ុក គង្គារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្រធានសាខា AMK ព្រៃវែង។

ជនសង្ស័យឈ្មោះ សោម អង្គា ភេទស្រី អាយុ២៨ឆ្នាំ( ប្រធានហេរញ្ញិក AMK) ប្ដីឈ្មោះ សុខ សុភារ៉ា អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងម៉ាស៊ីន នៅភ្នំពេញ ជាអ្នករៀបចំគំរោង ឲ្យប្រពន្ធយកលុយ ពីមីក្រូហិរវត្ថុ AMK។ ចំនួនទឹកប្រាក់ដែលជនសង្ស័យទាំង២នាក់ប្តីប្រពន្ធលួចបានចំនួន ១១៥.៤០០ ដុល្លារ (ដប់មួយម៉ឺនប្រាំពាន់បួនរយ ដុល្លារអាមេរិក)។
យោងតាមការ សាកសួរបង្ហាញថា ការលួចបន្លំនេះ ផ្តើមចេញប្ដីចាញ់ល្បែង នៅភ្នំពេញក៏រៀបគំរោងឲ្យប្រពន្ធលួចតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕