ដោយ ៖ សុត្ថារ៉ា
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុន និង លក្ខន្តិកៈរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តជាមួយម្ចាស់ភាគហ៊ុនឯកជនចំនួន៣ រួមមានក្រុមហ៊ុន Asian Insurance International (Holding), ក្រុមហ៊ុន Forte Investment Holding Co., Ltd និងក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរិនស៍ ខណៈដែលកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំរបស់ កម្ពុជាដែលបានធ្វើឱ្យឧស្សាហកម្មធានារ៉ាប់រងមានការរីកលូតលាស់គួរឱ្យកត់សម្គាល់។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យដឹងថា កាលពីឆ្នាំ២០១៨ កន្លងទៅ បុព្វលាភធានា រ៉ាប់រងដុលនៅក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា បានឡើងដល់ប្រមាណ ១៩៦លានដុល្លារអាមេរិក កើន ឡើង ៣០% ធៀបនឹងឆ្នាំកន្លងទៅ។ កំណើននេះ រុញច្រានដោយការកើនឡើងនៃបុព្វលាភធានា រ៉ាប់រងទូទៅចំនួន ១៥% និងធានារ៉ាប់រងអាយុជីវិត ៥០,៦% ហើយដើម្បីឆ្លើយតបទៅនឹងស្ថានភាព បច្ចុប្បន្ន និងការរីកចម្រើននៃទីផ្សារធានារ៉ាប់រង និងធានារ៉ាប់រងបន្ត ក៏ដូចជាការពង្រឹង និងពង្រីក តួនាទីរបស់ក្រុមហ៊ុន កម្ពុជា រី ក៏ដូចជាការគាំទ្រដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្ត ជាគោលនយោបាយ ដោយគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាត ឱ្យក្រុមហ៊ុនធានារ៉ាប់រងឯកជន ដែលជាដៃគូយុទ្ធសាស្រ្តកំពុងមានប្រតិបត្តិការនៅកម្ពុជាចូលរួម វិនិយោគបន្ថែមនៅក្នុងក្រុមហ៊ុន កម្ពុជា រី នៅពេលនេះ។ ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កម្ពុជា រី បានមានប្រសាសន៍ថា គោលនយោបាយនេះ សំដៅពង្រីកការអភិវឌ្ឍធុរកិច្ចរបស់ក្រុមហ៊ុន កម្ពុជា រី ដែលជាក្រុមហ៊ុនធានារ៉ាប់រងបន្តរបស់ជាតិប្រកបដោយចីរភាព និងពង្រឹងតួនាទីជាយុទ្ធ សាស្ត្ររយៈពេលវែង សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មធានារ៉ាប់រង និងសេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ ម្ចាស់ភាគហ៊ុនឯកជនទាំង៣ បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រ លើក ស្ទួយក្រុមហ៊ុនកម្ពុជា រី ឱ្យកាន់តែរីកចម្រើនដើម្បីឱ្យក្រុមហ៊ុននេះ ដើរតួនាទីកាន់តែសំខាន់ក្នុងការចូល រួមចំណែកក្នុងការអភិវឌ្ឍវិស័យធានារ៉ាបរងនៅកម្ពុជាកាន់តែមានប្រសិទ្ធិភាព។
ក្នុងឱកាសនេះ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន អបអរសារទរ និងសម្តែងនូវមោទនភាព ដែលម្ចាស់ភាគហ៊ុនឯកជនបានផ្តល់ជំនឿទុកចិត្តមកលើ ក្រុមហ៊ុន កម្ពុជា រី ក៏ដូចជាជំនឿទុកចិត្តលើសក្តានុពលនៃទីផ្សារធានារ៉ាប់រង និងធានារ៉ាប់រងបន្តនៅ កម្ពុជា។ លោកជំទាវមានប្រសាសន៍ថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការដំបូងរហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន កម្ពុជា រី បានដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយ លំហូរមូលធនទៅក្រៅប្រទេស តាមរយៈការផ្តល់សមត្ថភាពរក្សាទុកហានិភ័យធានារ៉ាប់រងដល់ក្រុម ហ៊ុនធានារ៉ាប់រងក្នុងស្រុកទាំងអស់ជាពិសេសក្រុមហ៊ុនធានារ៉ាប់រងទូទៅ៕