រដ្ឋមន្ត្រីក្រសួងដែនដីសុំនាយករដ្ឋមន្ត្រីមានវិធានការចាំបាច់លើការដ្ឋានសំណង់ខុសច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2019 ក+ ក-

ភ្នំពេញ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ បានចេញលិខិតមួយច្បាប់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយស្នើសុំគោលការណ៍សម្រេចលើវិធានការចាំបាច់សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដើម្បីធានាអាយុជីវិតមនុស្សទ្រព្យសម្បត្តិ សុវត្ថិភាព និងគុណភាពសំណង់ ទូទាំងប្រទេស។

យោងតាមលិខិតនោះ លោក ជា សុផារ៉ា បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ធានាសុវត្ថិភាពនិងគុណភាពសំណង់នៅទូទាំងប្រទេស និងធានាការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គោរពសូមការសម្រេចដ៏ខ្ពង់ខ្ពស់ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីដាក់ចេញ នូវវិធានការចាំបាច់មួយចំនួន ចំពោះការដ្ឋានសំណង់ សណ្ឋាគារ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម អគាររោងចក្រ អគារសិប្បកម្ម និងសំណង់ផ្សេងទៀត បើគ្មានលិខិតអនុញ្ញាត និងសាងសង់ខុសលក្ខណៈបច្ចេកទេស លើកលែងសំណង់លំនៅដ្ឋានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ដូចជា ៖ ក្រសួងរ៉ែ និងថាមពល វិធានការមិនឱ្យមានការផ្គត់ផ្គង់ថាមពលអគ្គិសនី ដល់ការដ្ឋានសំណង់។ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាត់វិធានការមិនឱ្យមានការផ្គត់ផ្គង់ទឹកស្អាត ដល់ការដ្ឋានសំណង់នោះឡើយ។

 

ក្នុងលិខិតដដែល ក៏បានបញ្ជាក់ផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន មិនត្រូវអនុញ្ញាតឲ្យតភ្ជាប់លូចូលបណ្ដាញលូសាធារណៈ។ ក្រសួង ស្ថាប័ន និងអង្គភាព មានសមត្ថកិច្ច មិនត្រូវផ្ដល់លិខិតអនុញ្ញាតឲប្រកបអាជីវកម្ម។ ក្រសួងព័ត៌មាន និងអង្គភាពមានសមត្ថកិច្ច មិនត្រូវអនុញ្ញាតឲផ្សព្វផ្សាយពាណិជ្ជកម្ម។

យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ម្សិលមិញនេះ ប្រមុខរាជរដ្ឋាភិបាល មិនទាន់បានឆ្លើយតបបែបណានៅឡើយទេ ចំពោះសេចក្តីស្នើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដូចខាងលើនេះ៕