ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ខែកញ្ញា ២០១៤ នាសាលប្រជុំគណៈកម្មការនៃ វិមានរដ្ឋសភានឹងមានកិច្ចពិភាក្សារវាងគណៈ កម្មការទី១០នៃរដ្ឋសភា និងអង្គការតម្លាភាពកម្ពុជា។
លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា បានចេញលិខិតអញ្ជើញលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ ក្នុងគោលបំណងដើម្បីទទួលនូវព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងតម្លាភាព និងការអង្កេតប្រឆាំងអំពើពុករលួយ។
ឆ្លើយតបតាមលិខិតអញ្ជើញរបស់ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ថា អង្គការលោកត្រៀមផ្ដល់ព័ត៌មាន និងអ្នកជំនាញដើម្បីផ្ដល់ព័ត៌មានបំបាត់អំពើពុករលួយនៅតាម ស្ថាប័នរដ្ឋនានា ជូនគណៈកម្មការជំនាញរដ្ឋសភានៅចុងសប្ដាហ៍នេះ។
លោកបន្តថា អង្គការតម្លាភាពកម្ពុជា នឹងសហការផ្ដល់ឯកសារ ឬអ្នក បច្ចេកទេសមានវិជ្ជាជីវៈខ្ពស់ដើម្បីស្រាវជ្រាវពីឫសគល់ឬដើមហេតុនៃអំពើពុករលួយនៅតាមស្ថាប័នរដ្ឋនានាកន្លងមក៖ «ដើម្បី ផ្លាស់ប្ដូរយោបល់ ពិភាក្សា និងជជែកគ្នាអំពីបញ្ហាអំពើពុករលួយ ក៏ដូចជាលទ្ធភាពនៃការធ្វើសហប្រតិបត្តិការរវាងរដ្ឋសភា និងអង្គការតម្លាភាពកម្ពុជា ក្នុងក្របខ័ណ្ឌស្ថាប័ន ហើយយើងនឹងរកវិធីដើម្បីធ្វើការជាមួយ គ្នាក្នុងការជួយជាលក្ខណៈ បច្ចេកទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកធ្វើការងារជាមួយនឹងស្ថាប័នរដ្ឋសភាក្នុងការបំពេញមុខ ងាររួមចំណែកប្រយុទ្ធប្រឆាំងអំពើ ពុករលួយនៅក្នុងប្រទេសកម្ពុជា»។
គួរបញ្ជាក់ថាអំពើពុករលួយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាមេរោគប្រឆាំងការរីកចម្រើន របស់សង្គមជាតិ ធ្វើឲ្យសេដ្ឋកិច្ចជាតិមិនអាចរីកចំរើនបានដែលជាបុព្វបទនៃការអភិវឌ្ឍរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕ លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា