គម្រោងសំណង់វិនិយោគដោយចិនអាចរងផលប៉ះពាល់ក្រោយបាក់អគារនៅខេត្តព្រះសីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2019 ក+ ក-

ដោយ ៖​ សុត្ថារ៉ា

​ភ្នំពេញ ៖ អ្នកជំនាញវិស័យអចលនទ្រព្យកម្ពុជា បានបង្ហាញពីការព្រួយបារម្ភលើការប៉ះពាល់វិស័យ អចលន ទ្រព្យ ទាំងមូលជាពិសេសគម្រោងអគារដែលវិនិយោគដោយវិនិយោគិនចិន ក្រោយមានហេតុការ បាក់រលំអគារនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ មិថុនា កន្លងទៅនេះ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាស ន៍ តាមទូរសព្ទអោយដឹងថា ករណីបាក់រលំអគារនៅខេត្តព្រះសីហនុ ចង់មិនចង់វានឹងមានផល អវិជ្ជមាន ដល់វិស័យសំណង់នៅកម្ពុជា ជាពិសេសសំណង់ដែលសាងសង់ដោយវិនិយោគិនចិន ។ ក៏ប៉ុន្តែទន្ទឹមនឹងនេះដែរ រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធឯទៀត ត្រូវរឹតបន្តឹងចំពោះសំណង់ទូទាំង ប្រទេស ដើម្បីអោយពួកគេត្រូវអនុលោមតាមបទដ្ឋានបច្ចេកទេសអោយបានត្រឹមត្រូវ ជៀសវាង មានបញ្ហានេះកើតឡើងម្ដងទៀតនៅថ្ងៃអនាគត ។

លោកបន្តថា អ្នកវិនិយោគ ឬអ្នកដែលមានបំណងចង់វិនិយោគ លើវិស័យសំណង់ ដោយទិញ ឬក៏ ជួលអគារខ្ពស់ ជាពិសេសនៅខេត្តព្រះសីហនុ នឹងមានអារម្មណ៍អវិជ្ជមានមួយ ក្រោយការបាក់រលំ អគារនេះ ហើយអាចនឹងដកសេចក្តីទុកចិត្តពីការវិនិយោគលើវិស័យនេះ ជាពិសេសគម្រោង របស់ ជនជាតិចិនផ្ទាល់តែម្ដង ដូច្នេះហើយវាក៏នឹងអាចរងផលប៉ះពាល់មួយចំនួនដល់វិស័យអចលនទ្រព្យ តែយ៉ាងណាវាមិនធំធេងពេកនោះទេ ។ នេះជាបទពិសោធន៍មួយសម្រាប់ប្រទេសកម្ពុជា ក្នុងការរឹត បន្តឹងចំពោះសំណង់អត់ច្បាប់ និងសំណង់មិនធ្វើតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយចាប់ ពី ពេលនេះទៅ កម្ពុជាត្រូវតែរឹតបន្តឹងឡើងវិញ នៅសំណង់អត់ច្បាប់សាងសង់ និងសំណង់ដែលមិន មានបច្ចេកទេសត្រឹមត្រូវ ដើម្បីទប់ស្កាត់បញ្ហានេះ កុំអោយកើតមានឡើងនៅថ្ងៃកក្រោយ ។

ពាក់ព័ន្ធជាមួយនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ បង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ លោកច្រឹកសុខនីម បានសាទរនិងគាំទ្រ តែគណៈកម្មការនេះ មិនគួរត្រួតពិនិត្យតែក្នុងខេត្តព្រះសីហនុនោះទេបន្តបន្ទាប់ គួរតែត្រួតពិនិត្យគុណភាពសំណង់នៅទូទាំងប្រទេស ដើម្បីធានាឱ្យបានថាសំណង់នៅកម្ពុជា ត្រូវ តែមានគុណភាពនិងមិនមានបញ្ហានៅពេលក្រោយ ។

បើតាមលោក សន សៀប នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ ឃីរៀលអ៊ីស្ទេត បានអោយដឹង ផង ដែរថា លោកមិនទាន់ហ៊ានសន្និដ្ឋានបាននោះទេ ថាវាប៉ះពាល់ដល់វិស័យសំណង់កម្ពុជា កម្រិត ណានោះតែកន្លងមកលោកតែងតែផ្ដល់ជាមតិយោបល់ដល់វិនិយោគិនដែលចង់ទិញគម្រោងវិនិយោគ ជាអគារខុនដូ រឺអាផាត់មិន គឺត្រូវរកភាពស្របច្បាប់នេះគម្រោងនោះ ។ មានន័យថាតើគម្រោងនោះ មានច្បាប់អនុញ្ញាតសាងសង់ពីក្រសួងត្រឹមត្រូវដែរឬអត់ មានច្បាប់ អនុញ្ញាតឱ្យសាងសង់ដែរឬអត់ ។

លោកបន្តថា វិនិយោគលើការទិញគម្រោងសំណង់ខុនដូរ អាផាត់មិន និងគម្រោងអគារផ្សេងៗ ទៀត ក្នុងករណីមិនច្បាស់លាស់ គួរស្វែងរកមេធាវី ឬអ្នកប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ ដើម្បី ឱ្យជួយពួកគាត់ ក្នុងការស្វែងរកផ្លូវច្បាប់ និងរកឱ្យឃើញថាតើសំណង់ដែលបំរុងនឹងទិញនោះ មាន ច្បាប់ត្រឹមត្រូវ គួរទិញឬមិនគួរទិញ ជៀសវាងមានបញ្ហានៅថ្ងៃខាងមុខ ។

លោកបន្ថែមថាពាក់ព័ន្ធនឹងការបង្កើតគណៈកម្មការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ គឺរឿង ល្អ ណាស់ ព្រោះនៅខេត្តនេះសំណង់កើនឡើងលឿនហួសពីការគិត ដូច្នេះហើយ ត្រូវការមានការ ត្រួតពិនិត្យអោយបានម៉ត់ចត់ ជៀសវាងសាសង់ហើយទើបសុំច្បាប់ជាក្រោយ ។

គួរបញ្ជាក់ថា គិតត្រឹម៥ខែដំបូង ឆ្នាំ ២០១៩នេះ ទុនវិនិយោគក្នុងវិស័យសំណង់ នៅកម្ពុជាមាន ទំហំទឹកប្រាក់ប្រមាណជា ២,៨៩ ពាន់លានដុល្លារអាមេរិក ខណៈទុនវិនិយោគក្នុង ៥ខែដំបូងនៃឆ្នាំ ២០១៨ មានទឹកប្រាក់ប្រមាណត្រឹម ជាង១,៧៧ពាន់លាន ដុល្លារអាមេរិកប៉ុណ្ណោះ ៕