ភ្នំពេញ៖ ពិធីដង្ហែសពសម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅម៉ោង ៧:០០នាទីព្រឺកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ បានចាប់ផ្តើមដង្ហែចេញពីភូមិគ្រឹះលេខ១២ ផ្លូវលេខ៤៦២ តាមមហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ វិថីសុធារស ឆ្ពោះទៅកាន់ឈាបនដ្ឋានមុខវត្តបទុមវតី។
នៅមេរុ បូជា មុខវត្តបទុមវត្តី ក៏មានវត្តមានរបស់ថ្នាក់នាំដឹកនាំកំពូលៗ អង្គទូត ព្រមទាំងមានព្រះរាជវត្តមានព្រះមហាក្សត្រ សម្តេចម៉ែ និងវត្តមានរបស់សម្តេចហ៊ុនសែន និងសម្តេចភរិយា សម្តេចហេងសំរិន និងភរិយា សម្តេចសាយឈុំ និងភរិយា សម្តេចសខេង និងភរិយា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។ ក្នុងនោះ ក៏មានវត្តមានរបស់លោកសមរង្ស៊ី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាច្រើនរូប ចូលរួមផងដែរ។
ចំណែកផ្លូវសំខាន់ៗមួយចំនួនដែលជាគោលដៅពិធីនេះត្រូវបានបិទជា បណ្តោះអាសន្នរហូតដល់ដល់ចប់ពិធីដង្ហែសពសម្តេច ជា ស៊ីម ទើបបើកដំណើរការជាប្រក្រតីឡើងវិញ។
ក្បួនដង្ហែតាមរថយន្ត បានធ្វើឡើង រហូតដល់វិមានឯករាជ្យ។ ចាប់ពីវិមានឯករាជ្យទៅដល់មេរុ នៅមុខវត្តបទុមវត្តី ជាក្បួនដង្ហែថ្មើរជើង ដែលមាន ៣២ ផែន រួមមាន ផែនយុវជន សិស្សនិស្សិត សហគមន៍ចិន សហគមន៍វៀតណាម សហគមន៍ជនជាតិភាគតិច មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋរាប់ពាន់នាក់ចូលរួម។
នាព្រឹកថ្ងៃទី១៩មិថុនានេះ មានស្ថានីយទូរទស្សន៍ចំនួន ៥រួមមានៈ ទូរទស្សន៍ជាតិកម្ពុជា ទទក ទូរទស្សន៍បាយ័ន ទូរទស្សន៍ CTN ទូរទស្សន៍អប្សរា និងទូរទស្សន៍អាស៊ីអាគ្នេយ៍ បានដាក់រថយន្តបំពាក់ម៉ាស៊ីនឧបករណ៍ផ្កាយរណប តាមទីតាំងបន្តបណ្តាក់គ្នា ផ្សាយផ្ទាល់នូវពិធីដង្ហែ និងបូជាសពសម្តេច ជា ស៊ីម ដ៏អធិកអធមនិងក្រៀមក្រំនេះ។
សម្តេច ជា ស៊ីម បានទទួលមរណភាពនៅថ្ងៃទី៩៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ឆ្នាំ។ សពរបស់សម្តេច ត្រូវបានដង្ហែពីភូមិគ្រឹះរបស់សម្តេច នៅបុរីចំការមន មកកាន់មេរុ ដែលស្ថាបនានៅមុខវត្តបទុមវត្តីដើម្បីបំពេញកិច្ចបូជាតាមគន្លងប្រពៃណីកម្ពុជា៕ដោយ៖ រដ្ឋា