ដោយ ៖ សហការី
ខេត្តកោះកុង ៖ សមត្ថកិច្ចនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះថា មានករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងព្រះសង្ឃចំនួន៦អង្គ រងរបួសធ្ងន់។
មន្ត្រីនគរបាលចរាចរណ៍ឲ្យដឹងថា ព្រះសង្ឃទាំង៦អង្គនោះ បានគង់នៅលើរុឺម៉ក ដើម្បីនិមន្តបិណ្ឌបាត្រ ប៉ុន្តែត្រូវបានរថយន្តដឹកដីបើកបុក បណ្តាលឲ្យស្លាប់អ្នកបើករ៉ឺម៉ក និងរងរបួសព្រះសង្ឃចំនួន៦អង្គ។ ក្នុងនោះរបួសធ្ងន់ចំនួន៣អង្គ។
សមត្ថកិច្ចនគរបាលដដែលបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើង រវាងរថយន្តបែនដឹកដី មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ KPS 1168 បើកបរ ក្នុងទិសដៅចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ រថយន្ត បានរេចង្កូត មកបុកជាមួយរុឺម៉កនៅតាមកំណាត់ផ្លូវជាតិ លេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤៨-១៤៩ (ចំណែកផ្លូវខាងខេត្តកោះកុង) ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីវេលាម៉ោងជិត ៩ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩មិញនេះ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកំពង់សិលា បានឲ្យដឹងទៀតថា ក្រោយកើតហេតុ អ្នកបើកបររថយន្តបែន ដឹកដី ក៏បានចុះរត់ គេច បាត់ ពីកន្លែងកើតហេតុដោយមិនទទួលខុសត្រូវ និង ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះ មានកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគបាលមូលដ្ឋាន រួមមានទាំងខាងខេត្តកោះកុង និងខេត្តព្រះសីហនុ បានចុះមកជួយអន្តរាគមន៍សង្គ្រោះ ជនរងគ្រោះដោយបានដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
បច្ចុប្បន្ននេះវត្ថុតាងរួមមានម៉ូតូរ៉ឺម៉ក និងរថយន្តត្រូវបានកម្លាំងនគរបាលស្រុកកំពង់សិលា ចាត់ចែកយកមករក្សាទុក នៅអធិការដ្ថាន ស្រុកកំពង់សិលា ដើម្បីបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន រថយន្តបែន ដឹកដីជាច្រើនគ្រឿង បើកបរយ៉ាង អនាធិបតេយ្យ ពុំគោរព ច្បាប់ទម្លាប់ ឬ ក៏មានអាជ្ញាធរណាមួយចុះមកអប់រំដល់ ពួកគាត់ខណៈពេល ដែលកំពុងបើកបរ នៅតាមដងផ្លូវ ទោះបីជាទោះបីជាមានល្បឿនលឿនក្តី វ៉ាជែងគ្នាក្តី ឬមួយក៏បត់បែនគ្មានសណ្ដាប់ធ្នាប់និងក្តី។
បើតាមសំដី របស់ក្រុមអ្នក បើកបរ រថយន្តបែនដឹកដីជាច្រើននាក់ ពួកគាត់បានឲ្យអ្នកសារព័ត៌មានដឹងថា ថៅកែឡាន របស់ពួកគាត់បានបង់ខែឲ្យទៅសមត្ថកិច្ចទាំងអស់នោះហើយដូច្នេះពួកគាត់មិនបាច់ខ្វល់ខ្វាយឬព្រួយបារម្ភអ្វីទៀតទេ។ពួកគាត់ថា លៃយ៉ាងណាឲ្យតែ បើកដល់ គោលដៅហើយដឹកដីចាក់នៅតាមគោលដៅអោយបានទាន់ពេលវេលានិងឱ្យបានច្រើនឡានបន្ថែមទៀតទើបល្អ៕