ដោយ ៖ សំអាន
ភ្នំពេញ ៖ ក្រោយពីទទួលបានទំនុកចិត្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យធ្វើជាអនុ ប្រធានថ្មីនៃគណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងពិធី សំណេះសំណាលជាមួយមន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃទី១ កក្កដានេះ បានស្នើសុំឱ្យមានសាមគ្គីភាពផ្ទៃ ក្នុងខ្ពស់ដើម្បីប្រសិទ្ធភាពការងារ។
លោកទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលកំពុងបំរើការងារនៅក្នុងស្ថាប័នគណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយនាពេលបច្ចុប្បន្ននេះសុទ្ធតែជាអ្នកមានជំនាញ និងមានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងការងារគ្រោះមហន្តរាយ ហើយ ថាការដែលឯកឧត្តមមកធ្វើជាអ្នកដឹកនាំនៅទីនេះ គឺជាមេបញ្ជាការដឹកនាំបញ្ជាការងារ ដូច្នេះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តោងតែបំពេញការងារទៅតាមតួនាទី ភារកិច្ច ដែលស្ថាប័នបាន ប្រគល់ជូនក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុតក្នុងនាមយើងជាអ្នកបំរើជាតិ មាតុភូមិ និងប្រជាជន និងទទួលបានប្រាក់ខែពីរដ្ឋ ដែលរដ្ឋទទួលបានពីប្រជាជន។
ក្នុងឱកាសនេះលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយបានគូសបញ្ជាក់ថា ឯកឧត្តមនឹងស្នើទៅសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសុំយកតួនាទីត្រឹមជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មិនមែនជាអនុប្រធានទី១ទេ ដើម្បីងាយស្រួលក្នុងការដឹកនាំការងារ។
ជាមួយគ្នានេះឯកឧត្តមក៏បានសម្តែងនូវការកោតសសើរចំពោះស្នាដៃដឹកនាំជាច្រើនឆ្នាំរបស់លោក ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនេះ ដែលធ្វើឱ្យសម្រេច បាននូវសមិទ្ធផលការងារច្រើនរាប់មិនអស់ នៅមុនពេលដែលឯកឧត្តមត្រូវបានប្រមុខរាជរដ្ឋាភិបាលផ្លាស់ប្តូរតួនាទីឱ្យទៅធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលនោះ៕