ដោយ ៖ នូ វី –
បន្ទាយមានជ័យ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានជម្លោះពាក្យសម្តីរវាងមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល-កំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាមួយនិងមន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្ទើរតែក្លាយជាហិង្សា។ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោងប្រមាណ ៨និង ៣០នាទីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ មុខភូមិគ្រិះលោក វរសេនីយឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិគោរដ្ឋានសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនកើតហេតុគេបានឃើញក្រុមមន្ត្រីនគរបាលជាច្រើននាក់បានចុះមកធ្វើការត្រួតពិនិត្យទីតាំងផ្ទុះអាវុធចំនួនបីគ្រាប់កាលពីវេលាម៉ោង១០យប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ដែលខ្មាន់កាំភ្លើងបាញ់នៅមុខភូមិគ្រឹះរបស់លោកមេបញ្ជាការរងខាងលើ។ ក្រោយមកគេឃើញមន្តី្រអាវុធហត្ថដឹកនាំដោយលោក យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុងសិរីសោភ័ណ បានចុះទៅដល់ ហើយក៏កើតមានជាជម្លោះពាក្យសម្តីឈានជិតក្លាយជាហិង្សា។
លោក ខែម សោភ័ណ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាននិយាយថា កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាលបានចុះពិនិត្យទីតាំងផ្ទុះអាវុធរបស់ជនអនាមិកនៅមុខភូមិគ្រឹះលោកមេបញ្ជាការរងអាវុធហត្ថខេត្ត។ក្រោយធ្វើការពិនិត្យកម្លាំងជំនាញបានរកឃើញសំបកកាទុះចំនួនបីគ្រាប់ ដែលស្ថិតនៅទីតាំងផ្សេងគ្នាក្បែរ និងមុខភូមិគ្រឹះខាងលើ។
លោកនាយការិយាល័យរូបនេះបន្តទៀតថាកំពុងប្រតិបត្តិការក៏កើតមានជាជម្លោះឡើងក្រោមការចោទប្រកាន់ថាប៉ូលីសពទ្ធ័ផ្ទះមេបញ្ជាការរងប៉េអឹម។លោកថា មិនមែនជាការពទ្ធ័នោះទេ ការចោទប្រកាន់នេះបានធ្វើអោយមានការភាន់ច្រឡំបង្កជាសង្គ្រាមពាក្យសម្តីលើទីសាធារណ: គ្រាដែលជំនាញកំពុងស្វែងរកជនសង្ស័យ។
ចំពោះជម្លោះនេះដែរ ពលរដ្ឋដែលឃើញហេតុកាណ៍បានសម្តែងការហួសចិត្តយ៉ាងខ្លាំង គ្រាដែលសមត្ថកិច្ចពីរមិនត្រូវគ្នា ។មួយវិញទៀត ចំពោះករណីបាញ់នេះ ចំពោះសមត្ថកិច្ចប៉ូលីស មិនពិបាករកមុខសញ្ញាបាញ់នោះទេ ដោយគ្រាន់តែឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលដាក់នៅមុខផ្ទះលោកមេបញ្ជាការរងខាងលើឃើញហើយ គ្រាន់តែថា មេបញ្ជាការរងរូបនេះ អោយឆែក ឬអត់ តែបើមិនអោយឆែក…មិនបាច់ឆ្ងល់ទេ៕