នាយករដ្ឋមន្រ្តី ៖ បារម្ភពីមន្រ្តីរាជការខ្មែរស្ពឹកស្រពន់ ជាជាងការបារម្ភបាត់ EBA
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2019 ក+ ក-

ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាល ជាមួយសិស្សនិស្សិត និងពលរដ្ឋខ្មែរដែលកំពុងសិក្សានិង រស់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា សម្តេចមិនបារម្ភការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពី សហភាពអឺរ៉ុបនោះទេ គឺបារម្ភពីភាពស្ពឹកស្រពន់ មន្រ្តីរាជការខ្មែរទៅវិញទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមិនមែន បាត់បង់ទីផ្សារនៅ អឺរ៉ុប នោះទេ គ្រាន់តែបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ករណីបើ អឺរ៉ុបសម្រេចព្យួរ រឺដកប្រព័ន្ធពីកម្ពុជា។ ទំនិញរបស់កម្ពុជាពិសេសគឺអង្ករ នៅតែមានវត្តមាននៅទីផ្សារអឺរ៉ុបដដែល គ្រាន់តែក្រុមហ៊ុននាំ ចេញអង្ករចំណេញ តិចជាមុនប៉ុណ្ណោះ។

ប៉ុន្តែដើម្បីលើកកំពស់ផលចំណេញដល់អ្នកវិនិយោគ និងការនាំចេញ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការមុតស្រួច ដើម្បីកាត់បន្ថយថ្លៃដើម ឲ្យបាន កំរិត ខ្ពស់។ បើតាមសម្តេចតេជោ មុននឹងក្រោយប្រព័ន្ធ អនុគ្រោះពន្ធនេះ នឹងត្រូវដកពេល ដែល សេដ្ឋកិច្ចកម្ពុជាបានរឹងមាំ និងគ្រាដែលកម្ពុជាឆ្លងផុតពីប្រទេសមានការអភិវឌ្ឍតិចតូច និងមាន ចំណូលទាប។ ជាមួយគ្នា កម្ពុជា នឹងបន្តជម្រុញបញ្ចុះតម្លៃអគ្គិសនី ដើម្បីលើកទឹកចិត្ត និងទាក់ទាញសម្រាប់ វិនិយោគនៅកម្ពុជា។

បើតាមសម្តេចតេជោ មកដល់ពេលនេះការកាត់ផ្តាច់ចរន្តអគ្គិសនី លែងមាន ទៀតហើយ ដោយសារវារីអគ្គិសនីរបស់កម្ពុជា បានបញ្ចេញស្ទើរគ្រប់គ្រាន់ គឺជិត១០០មេហ្គាវ៉ាត់ ក្នុងមួយថ្ងៃ។ សម្តេចតេជោ បានស្នើឲ្យអគ្គិសនីកម្ពុជា ពន្លឿនការតម្លើសម៉ាស៊ីនភ្លើង ដែលជួលពី ហ្វាំងឡង់ និងអាឡឺម៉ង់ឲ្យបានមុនខែវិច្ឆិកា ដើម្បីធានាមិនឲ្យមានខ្វះខាត អគ្គិសនីប្រើប្រាស់។

តាមផែនការរបស់អាជ្ញាធរអគ្គិសនីនឹងធ្វើឲ្យគ្រប់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ទាំងអស់មានអគ្គិសនី ប្រើប្រាស់គ្រប់គ្នានៅត្រឹមឆ្នាំ២០២១។គិតមកដល់ពេលនេះ សម្រេចបានជាង៩០ភាគរយហើយ៕