ដោយ ៖ សហការី
ភ្នំពេញ ៖ ក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ សួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងខ្មែរ នៅក្រៅប្រទេស អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយទាមទារសំណង ១លានដុល្លារ។
បើយោងតាមពាក្យបណ្តឹងរបស់សម្តេចក្រឡាហោម ស ខេង បានទាមទារឱ្យតុលាការ ចាត់ការលោកសម រង្ស៉ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺចិត្តចំនួន ៤ពាន់លានរៀល ប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិក ចំពោះការញុះញង់របស់ លោក សម រង្ស៉ី។ ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពីរឿងមរណភាពរបស់ ឯ.ឧ ហុក ឡង់ឌី។
លោក សម រង្ស៉ី បានមួលបង្កាច់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ហើយភូតទៀតថាពេលនេះ លោកឌី វិជ្ជា ដែលជាកូនប្រុសរបស់ លោក សម រង្ស៉ី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពីសម្តេចក្រឡាហោម ស ខេង។
ក្នុងលិខិតពាក្យបណ្តឹងរបស់ក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង បានចាត់ទុកថា «ការប្រឌិតព័ត៌មានទម្លាក់កំហុស និងមួលបង្កាច់របស់ឈ្មោះ សម រង្ស៊ី ខាងលើនេះ ដើម្បីឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមានការសង្ស័យគ្នា និងបែកបាក់សាមគ្គីផ្ទៃក្នុង ដែលអាចធ្វើឲ្យមានវិវាទផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល»។ ទង្វើទាំងនេះបញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ សម រង្សី មានចេតនាទុច្ចរិតក្នុងការញុះញង់ បំផុសបំផុលធ្វើឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល ក៏ដូចជាជួរថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានចលាចល និងភាពវឹកវរយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម បំផ្លិចបំផ្លាញដល់ស្ថេរភាពនយោបាយ និងសន្តិភាពរបស់ជាតិទាំងមូល»។
លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា តំណាងអយ្យការបានទទួលនូវពាក្យបណ្តឹងនេះរួចហើយតាំងពីថ្ងៃទី០២ ខែកក្កដា ហើយពេលនេះ តំណាងអយ្យការកំពុងចាត់ការទៅតាមនីតិវិធីច្បាប់៕