នាវា​ដឹក​ប្រេង​ម៉ាឡេស៊ី​ដែល​បាត់​ខ្លួន​ត្រូវគេ​ឃើញ​នៅក្នុង​ដែនទឹក​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2015 ក+ ក-

​ម៉ាឡេស៊ី​៖នាវា​ដឹក​ប្រេង​មួយគ្រឿង​ចុះឈ្មោះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​បាន​បាត់​ខ្លួន​កាលពី​មួយអាទិត្យ​មុន​ត្រូវគេ​រកឃើញ​នៅក្នុង​ដែនទឹក​កម្ពុជា​ដោយមាន​ឈ្មោះ​ថ្មី និង​ត្រូវគេ​លាបថ្នាំ​ថ្មី​។​

​តាម​ព័ត៌មាន​របស់ ABC ផ្សា​យ​កាលពី​ថ្ងៃទី​១៩ មិថុនា ថា នៅក្នុង​អ្វីដែល​គេ​សង្ស័យថា​ជា​ករណី​ប្លន់​នោះ​នាវា​ម៉ាឡេស៊ី​ឈ្មោះ MT Orkim Harmony នេះ​បាន​បាត់ស្រមោល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​រួមទាំង​នា​វឹក​ចំនួន ២២​នាក់​នៅលើ​នាវា​នោះ​ផង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ម៉ាឡេស៊ី បាន​ស្រង់​សម្ដី​លោក Abdul Aziz អគ្គមេបញ្ជាការ​ទ័ពជើងទឹក​ម៉ាឡេស៊ី​ថា គេ​បាន​រកឃើញ​នាវា​នោះ​ហើយ ហើយ​ឥឡូវ​យន្ដហោះ​អូស្ដ្រាលី និង​ម៉ាឡេស៊ី​ក៏​កំពុង​តាមដាន​នាវា​នោះដែរ​។​នាវា​នេះ​បាន​ដឹក​ប្រេង​៦​ពាន់​តោន​ដែលមាន​តម្លៃ​ទឹកប្រាក់​ជាង​៥​លាន​ដុល្លារ​។​

ABC បាន​បញ្ជាក់ថា នៅ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ចន្លោះ​ខែមករា និង​មីនា​ដើមឆ្នាំ នេះ​មានការ​វាយប្រហារ​ពី​ពួកចោរ​សមុទ្ទ​៣៨​លើក ហើយ​ការិយាល័យ​ដែនទឹក​អន្ដរជាតិ​និយាយថា នេះ​ជា​បញ្ហា​កាន់តែ​ធ្ងន់​ដែល​នាំ​ឲ្យ​គេ​ព្រួយបារម្ភ​៕

njhkនាវា ដឹក​ប្រេង​ម៉ាឡេស៊ី MT Orkim Harmony ដែល​បាត់​ខ្លួន​ត្រូវគេ​រកឃើញថា​ស្ថិតនៅក្នុង​ដែនទឹក​កម្ពុជា (Credit: ABC licensed)