ដោយ ៖ ផានូរ៉ាត
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) និងអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) បានរៀបចំកម្មវិធីមួយ នៅក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញ ជា សកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយពីយុទ្ធសាស្ត្រ សមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការនាំចេញរបស់កម្ពុជា បានកើនឡើងជាលំដាប់ តាមរយៈការកើនឡើងនូវតម្រូវការ និងការពង្រឹងទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ តាមតួលេខរបស់ធនាគារពិភពលោក ការនាំចេញសម្លៀកបំពាក់ និងស្បែក ជើង ដែលមានចំណែកលើសពីរភាគបីនៃការនាំចេញទំនិញទាំងអស់របស់កម្ពុជា បានកើនឡើង ចំនួន ១៧,៦% នៅឆ្នាំ២០១៨ លើសពីកំណើន ៨,៣% ដែលទទួលបានក្នុងឆ្នាំ២០១៧ ។
សម្រាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី កម្ពុជានៅតែបន្តការតាំងចិត្តយ៉ាងមុតមាំលើគោលការណ៍ និង តម្លៃដែលទ្រទ្រង់ដោយអង្គការពាណិជ្ជកម្មពិភពលោក ជាមួយនឹងសកម្មភាពមួយចំនួន ដូចជាបាន បញ្ចប់ដោយជោគជ័យនូវការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា លើកទី២ ដែលជាកាតព្វកិច្ចរបស់កម្ពុជា ។ កម្ពុជាបានរៀបចំ និងវិនិយោគលើការរៀបចំស្ថានបេសកកម្ម អចិន្រ្តៃយ៍របស់កម្ពុជា នៅអង្គការពាណិជ្ជកម្មពិភពលោក ហើយក៏ក្លាយជាអ្នកសម្របសម្រួលក្រុម ប្រទេសអភិវឌ្ឍន៍ តិចតួច និងត្រូវបានជ្រើសរើស ជាសមាជិកក្រុមប្រឹក្សាភិបាល របស់ក្របខណ្ឌ ពង្រឹង សមាហរណកម្ម (EIF) ក្នុងតំណែងជាតំណាងរបស់ប្រទេសអភិវឌ្ឍន៍តិចតួចនៅអាស៊ី ។
លោកបន្ថែមថា ចំពោះយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ កម្ពុជា នៅតែជាប្រទេសទទួលផលនាំមុខគេ ក្នុងការអនុវត្តកម្មវិធី EIF ។ ការធ្វើបច្ចុប្បន្នភាពលើកទីបីនេះ ត្រូវបានរៀបចំជួនពេលជាមួយនឹងការដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់អាណត្តិទី៦នៃរាជរដ្ឋា បាល ៕