ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ បន្ទាប់ពីពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩ បន្តសម័យប្រជុំព្រឹទ្ធសភានីតិកាលទី៤។
លោក ម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ឲ្យដឹងថា របៀបវារៈប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃនេះរួមមាន ៖
១-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យ ក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ឯ.ក។
២-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រម លើការធានាការទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល ឯ.ក ។
៣-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រម លើការធានាការទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនស្នេថេក ខូ អិល ធីឌី។
៤-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រម ឲ្យព្រះរា ជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត និង ៥-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣៕