ប៉ោយប៉ែត៖អ្នកយកព័ត៌មាន២នាក់ ត្រូវ នគរបាលការពារព្រំដែនគោកឈរជើងនៅច្រករបៀង(ដើមគ)ដែលមិនផ្លូវការមួយស្ថិតក្នុងភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខណៈអ្នកកាសែត ២នាក់ នោះ ចុះយកព័ត៌មាន ក្រោយពេលពួកគេទទួលបានសេចក្តីរាយការណ៍ថា នៅទីនោះមានភាពមិនប្រក្រតីខុសច្បាប់ជាច្រើន។
ករណីគំរាមកំហែងសេរីភាពសារព័ត៌មានខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅច្រករបៀងក្នុងចំណុចភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើឲ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
មន្ត្រីអាជ្ញាធរមួយរូបបានបញ្ជាក់ថា បុរសដែលត្រូវគេឃាត់ខ្លួនម្នាក់ឈ្មោះ នីម វណ្ណា អ្នកយកព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ ម្នាក់ទៀតជាមិត្តរួមអាជីព ឈ្មោះ ធីម ថា ត្រូវបុរសម្នាក់ស្លៀកពាក់ស៊ីវិលតាំងខ្លួនសមត្ថកិច្ចចេញមុខឃាត់ខ្លួនដកហូតទូរស័ព្ទ ម៉ាកសាំសុង ខណៈដែលអ្នកទាំងពីរថតរូបភាពនៅទីនោះ បន្ទាប់ពីទទួលបានព័ត៍មានថា មានបទល្មើសកើតឡើងនៅតំបន់ខាងត្បូងផ្លូវជាតិលេខ៥ ចំណុចច្រករបៀងខុសច្បាប់(ដើមគ) ដែលគ្រប់គ្រងដោយ លោក ឈិន ឈាង មេបញ្ចាការរងវរនគរបាលការពារព្រំដែនគោកលេខ៨៩១។
ការឃាត់ខ្លួនបុរសទាំង២នាក់នោះ ត្រូវគេអះអាងថា ចូលមកដោយមិនបានសុំការអនុញ្ញាតជាមុន។ រហូតមកដល់ម៉ោង៣និង១០នាទីរសៀលថ្ងៃដដែលនេះ ហើយអ្នកសារព័ត៌មានទាំងពីរនាក់ មិនត្រូវបានសមត្ថកិច្ច ប្រគល់ទូរស័ព្ទមកវិញទេ ទោះបីលោក ឈិន ឈាង អ្នកគ្របគ្រងទីនោះ បានចុះមកធ្វើការសម្របសម្រួលហើយក្តី។
លោក ស៊ុំ ចាន់គា ប្រធានសមាគមការពារសិទ្ឋិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានថ្លែងពាក់ព័ន្ធនឹងករណីនេះថា នេះគឺជាការរំលោភគំរាមកំហែងលើសិទ្ឋិសេរីភាពសារព័ត៌មាន និងបំបាក់ស្មារតីអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។ ដោយឡែក មន្ត្រីរដ្ឋាភិបាល អាជ្ញាធរដែនដី គួរបំពេញតួនាទីផ្តល់ព័ត៌មានផ្លូវការណ៍ដល់អ្នកកាសែតដើម្បីឲ្យការយកទៅផ្សព្វផ្សាយប្រកបដោយសច្ចះភាព ត្រឹមត្រូវ មិនគួរគេចវេសមិនឆ្លើយតបចំពោះការសម្ភាសន៍របស់អ្នកកាសែតនោះឡើយ។
រឹតតែអាក្រក់ជាងនេះទៀតនោះ គឺការគំរាមកំហែងបំបាក់ស្មារតី ការលបធ្វើឃាត ឬរៀបអន្ទាក់ចាប់អ្នកកាសែតក្រោមលេសផ្សេងៗ ដែលអាចចាត់ទុកថាជាអំពើថោកទាបក្រៃលែង៕ ដោយ៖ជុំ ពិសិទ្ធ