ដោយ ៖ សុផល
ខេត្តកំពង់ចាម ៖ បន្ទាប់ពីអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចុះពិនិត្យស្ថានភាពបង្កបង្កើនផល របស់ បងប្អូនប្រជាពលរដ្ធ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ និងបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដើម្បីជួយសង្រ្គោះស្រូវដែលកំពុងខ្វះខាតទឹក រហូតមកដល់ពេលនេះក្រុមការងាររបស់មន្ទីរធនធានទឹក បានធ្វើការស្តារប្រឡាយមេ ប្រវែង៧៥០ម៉ែត្រ និងកែរសម្រួលសម្រុតលូ០១កន្លែង ដើម្បីបង្កលក្ខណៈងាយស្រូលជូនប្រជាកសិករ ក្នុង ការយកទឹកប្រើប្រាស់ បង្កបង្កើនផលដំណាំស្រូវ ។
គួររំលឹកផងដែរថា បន្ទាប់ពីទទួលបានសេចក្តីទុកចិត្តពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក អ៊ុន ចាន់ដា ក្នុងនាមជាអភិបាលខេត្តថ្មី នៃគណៈ អភិបាល ខេត្តកំពង់ចាម ក្នុងថ្ងៃដំបូងនាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធចុះពិនិត្យស្ថានភាពខ្វះខាតទឹកធ្វើស្រែរបស់ប្រជាកសិករ ក្នុងភូមិកុមារ ភូមិ ដូនតោ និងភូមិសណ្ដែក ស្ថិតក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងបានដាក់ម៉ាស៊ីនបូមទឹកជួយសង្គ្រោះស្រូវ ប្រជាកសិករ ១២៥ហិកតា ក្នុងចំណោម៥២០ហិកតា ចំពោះស្រូវដែលនៅសេសសល់ នឹងត្រូវជួយសង្គ្រោះ បន្តទៀតទោះបីជាតំបន់នោះ មានភ្លៀងធ្លាក់តិច ឬច្រើនក្តី ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយសារតែមួយរយះពេលកន្លងមក នៅតំបន់ខាងលើនេះ ជួបបញ្ហាគ្រោះរាំងស្ងួត ដែលបានធ្វើឲ្យស្រែរបស់ប្រជាពលរដ្ឋ ចំនួន៣ភូមិគឺប្រឈមទៅនឹងការខ្វះខាតទឹកប្រើប្រាស់។ ដោយមើលឃើញការជួប ភាព លំបាកបែបនេះ និងមានការសម្របសម្រួលពីអជ្ញាធរឃុំគឺបានខិតខំដាក់ម៉ាស៊ីនដើម្បីធ្វើការបូមទឹក។
ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាម ក៏បានប្រើប្រាស់ម៉ាស៊ីនបូមទឹកបន្ថែមទៀតរបស់មន្ទីរធនធានទឹក ដើម្បីបូមទឹកចូល ក្នុង ប្រឡាយនានា ដើម្បីអាចឲ្យប្រជាពលរដ្ឋ អាចបូបបន្តចូលទៅក្នុងស្រែរបស់គាត់បាន ៕