ខេត្តកណ្តាល ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កំពុងបន្តទប់ស្កាត់ដោយបាញ់ថ្នាំសម្លាប់មេរោគវីរុស(ប៉េស្តជ្រូក) នៅតំបន់ដែលមានជ្រូកជិត៤០០ក្បាល ងាប់នៅឃុំក្រាំងយ៉ូ ខេត្តកណ្តាល។
បើតាមរដ្ឋបាលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល
បានបញ្ជាក់ថា មកដល់ពេលនេះ មានសត្វជ្រូកប្រមាណ ៨០០ក្បាលត្រូវបានសម្លាប់ និងជាង១ពាន់ក្បាលទៀតត្រូវបានសម្លាប់ចោល ដោយសារឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក។ លោកអភិបាលស្រុក មេឃុំ មេភូមិ នៅខេត្តកណ្តាល បានចុះទៅផ្សព្វផ្សាយអំពីបញ្ហាជំងឺឆ្លងប៉េស្តអាហ្វ្រិកដល់កសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនៅតាមភូមិ និងបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោយផ្ទុះជំងឺនេះ។
សូមបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០១៩ កម្ពុជាបានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅខេត្តរតនគិរី ដែលបណ្តាលឲ្យជ្រូកងាប់ជាង៤០០ក្បាល។ កាលពីថ្ងៃទី០២ ខែកក្កដា ខេត្តត្បូងឃ្មុំ ក៏មានករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបណ្តាលឲ្យជ្រូកងាប់ចំនួន៣៣៧ក្បាល។ ចំណែកខេត្តស្វាយរៀងមានជ្រូកងាប់ចំនួន២០ក្បាល ហើយខេត្តតាកែវមានជ្រូកងាប់ចំនួន២៧ក្បាល ដោយសារឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានគូសបញ្ជាក់ដោយចាត់ទុកថា ករណីផ្ទុះជំងឺប៉េស្តជ្រូកនេះ មិនមែនជារឿងធូរស្រាលសម្រាប់កម្ពុជានោះទេ៕