កោះកុង៖ចៅក្រមស៊ើបសួររបស់សាលា ដំបូងខេត្តកោះកុងបានបញ្ជូនលិខិតប្រាប់ទៅក្រសួងយុត្តិធម៌ថា ខ្លួនរកមិនឃើញភស្តុតាង ដើម្បីដាក់បន្ទុកលើជនសង្ស័យឈ្មោះ ប៉ាន់ ណៃស៊ីន ដែលត្រូវបានចោទប្រកាន់ថាបានសម្លាប់ម្តាយរបស់ខ្លួនប្លន់យកទ្រព្យសម្បត្តិនោះឡើយ។
លោក មីន មករា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង បានសរសេរក្នុងលិខិតចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ ដើម្បីរាយការណ៍ទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៥ ស្ត្រីម្នាក់ឈ្មោះ ម៉េង សៃ អាយុ៥៣ឆ្នាំ ត្រូវឃាតកកាប់នឹងពូថៅលើផ្ទៃមុខ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុក្នុងផ្ទះរបស់ខ្លួន ក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងលិខិតដដែលនេះបានឲ្យដឹងថា បន្ទាប់ពីខេត្តឃាតកម្មកើតឡើង ការស៊ើបអង្កេតបឋមរបស់មន្ត្រីនគរបាលយុត្តិធម៌(ស្នងការដ្ឋាននគរបាលខត្ត កោះកុង) បានកំណត់មុខសញ្ញាជនសង្ស័យជាស្ត្រីចំនួន២នាក់ ដែលក្នុងនោះមានម្នាក់ឈ្មោះប៉ាន់ ណៃស៊ីន អាយុ៣១ ជាកូនស្រីបង្កើតរបស់ជនរងគ្រោះ និងម្នាក់ទៀតអ្នកស្រី ជា មុំ អាយុ៤៣ឆ្នាំ ជាមិត្តភ័ក្ត្ររបស់ជនរងគ្រោះ។ លិខិតបន្តថាឃាតកម្មនេះធ្វើឲ្យមជ្ឈដ្ឋានមហាជន និងពិសេសបណ្តាញសារព័ត៌មាន បានដាក់ឈ្មោះករណីនេះថាជាឃាតកម្មកូនស្រីបង្កើត ប្លន់ និងសម្លាប់ម្តាយបង្កើត។
លោកបន្តថា ជនសង្ស័យដែលត្រូវជាកូនស្រីបង្កើត រួមទាំងជនសង្ស័យម្នាក់ទៀត ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ និងត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន តាំងពីថ្ងៃទី០១ខែមិថុនា ឆ្នាំ២០១៥ រហូតមកដល់ពេលនេះ។ក្នុងលិខិតបញ្ជាក់ថា«បន្ទាប់ពីការស៊ើបសួរមួយ រយៈកន្លងមកទល់ពេលនេះ ខ្ញុំបាទជាចៅក្រមស៊ើបសួរឃើញថាមិនមានភស្តុតាងដាក់បន្ទុកណាមួយទៅលើ ជនត្រូវចោទឈ្មោះប៉ាន់ ណៃស៊ីន ដែលជាកូនស្រីបង្កើតរបស់ជនរងគ្រោះនោះទេ ក្រៅតែពីចម្លើយដាក់បន្ទុកដែលផ្តល់ដោយជនត្រូវចោទម្នាក់ផ្សេងទៀត ប៉ុណ្ណោះ តែការស៊ើបសួរលេចចេញបន្ទុកថ្មីៗទៅលើជនត្រូវចោទផ្សេងនោះទៅវិញ»។
លោក ញៀប សំអឿន មន្ត្រីការពារសិទ្ធិមនុស្សរបស់អាដហុក ឲ្យដឹងថាណការចុះស៊ើបអង្កេតរបស់លោករកឃើញថាស្ត្រីជាកូនបង្កើត នោះមិនបានសម្លាប់ម្តាយដូចការចោទប្រកាន់របស់សមត្ថកិច្ចនោះទេ។ លោកបន្តថាកូនប្រុសស្ត្រីរងគ្រោះបានអះអាងថាគ្មានហេតុផលណាដែល បងស្រីខ្លួនឈ្មោះ ប៉ាន ណៃស៊ីម លើកដៃសម្លាប់ម្តាយខ្លួនឯង ដើម្បីដណ្តើមទ្រព្យនោះទេ ។ លោកបន្តថាកូនប្រុសបង្កើតរូបនោះអះអាងថាគ្រួសារគាត់មានបងប្អូន៣នាក់ កូន២នាក់មានការងារធ្វើអស់ហើយ ចំណែកម្តាយបានរស់នៅជាមួយបងស្រីជាច្រើនឆ្នាំ ហើយទ្រព្យសម្បត្តិនឹងត្រូវធ្លាក់លើបងស្រីនោះជាស្វ័យប្រវត្តិ ។
មន្ត្រីការពារសិទ្ធិមនុស្សរូបនោះឲ្យដឹងទៀតថា បើតាមសាក្សី ប៉ុន្មានថ្ងៃមុនពេលកើតហេតុ ស្ត្រីឈ្មោះ ជា មុំ បានទៅស្នាក់នៅផ្ទះជនរងគ្រោះ រួចសុំខ្ចីលុយបន្ថែម ប៉ុន្តែជនរងគ្រោះមិនបានឲ្យ។
មន្ត្រីអាដហុកបន្តថា សាក្សីនៅកន្លែងកើតហេតុអះអាងថាក្រោយ ឃាតកម្ម ស្ត្រីម្នាក់ ឈ្មោះ ជា មុំ ដែលធ្លាប់ចេញចូលផ្ទះស្ត្រីរងគ្រោះបានដើរចេញយ៉ាងលឿនពី កន្លែងកើតហេតុ។ លោកបន្តថាបើតាមកូនស្រី្តរងគ្រោះ ស្ត្រីឈ្មោះ ជា មុំ នេះធ្លាប់ជំពាក់លុយម្តាយខ្លួនចំនួន១៥០០ដុល្លារជាច្រើនឆ្នាំមកហើយ។ សាក្សីបញ្ជាក់ថាបងស្រីខ្លួន ឈ្មោះ ប៉ាន់ ណៃស៊ីម ធ្លាប់ឌុបម្តាយទៅទារលុយពីឈ្មោះជា មុំ ជាច្រើនដង រហូតទាស់ពាក្យសម្តី ជាមួយអ្នកស្រី ជា មុំ ទៀតផង៕ ពិសិទ្ធ
រូបភាព អ្នកស្រីប៉ាន ណៃស៊ីម និងសពម្តាយ(រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក)
ស្រ្តី ជា មុំ