កម្ទេចចោលរថយន្ត៤គ្រឿងក្នុងចំណោមជាង៤០គ្រឿង ដែលរឹបអូសពីបទល្មើព្រៃឈើរបស់ឧកញ៉ា សឹង សំអុល
ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច បានដាក់ម្សៅ TNT កម្ទេចចោលរថយន្ត ៤គ្រឿងនៅក្នុងព្រៃតែម្តង ក្នុងចំណោមជាង៤០គ្រឿង ដែលរឹបអូសបានពីបទល្មើសព្រៃឈើដែលប្រព្រឹត្តដោយមនុស្សមួយក្រុមដឹកនាំដោយឧកញ៉ា សឹង សំអុល។
សូមជម្រាបថា រថយន្តទាំងនោះ តរូវបានកម្លាំងសមត្ថកិច្ចនៃគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ រឹបអូសបានពីក្រុមឈ្មួញរបស់លោកឧកញ៉ា ស៊ឹង សំអុល កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តមណ្ឌលគិរី ហើយឧកញ៉ា ស៊ឹង សំអុល និង គ្នីគ្នា ៣នាក់ទៀត ក៏ត្រូវបានចាប់ខ្លួននៅថ្ងៃនោះដែរ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានសរសេរលើកគណនីហ្វេសប៊ុករបស់លោកថា ឧកញ៉ា ស៊ឹង សំអុល និងបក្សពួក អាចនឹងត្រូវបញ្ជូនទៅកាន់តុលាការភ្នំពេញ ដើម្បីចាត់ការបន្ត៕