ដោយ ៖ សុត្ថារ៉ា
ភ្នំពេញ ៖ កម្ពុជា នឹងបន្តនាំចូលអំបិលដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកនៅឆ្នាំ២០១៩ នេះបន្ថែមទៀត ខណៈដែលការផលិតអំបិលសម្រេចបានត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ ដែលនេះជាការនាំចូលអំបិល ក្នុងរយៈពេល២ ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០១៨ មក ហើយនេះក៏ជាការនាំចូលអំបិលលើកទី៣ របស់សហគមន៍អ្នកផលិតអំបិលកម្ពុជា។ នេះបើយោងតាមសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប។
លោក ប៊ុន បារាំង សហប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បានប្រាប់ថា «ការនាំចូលអំបិលពីបរទេស គឺជារឿងចៀសមិនផុតទេ ហើយបរិមាណនាំចូលអំបិលនៅឆ្នាំនេះ អាចនឹងលើសពីឆ្នាំមុន។
លោក លើកឡើងថា ទោះជាក្នុងឆ្នាំ ២០១៩ នេះកម្ពុជាជួបប្រទះនឹងបាតុភូតអាកាសធាតុ El Nino ដែលធ្វើឲ្យអាកាសធាតុក្តៅខ្លាំង និងអូសបន្លាយយូរ តែសម្រាប់តំបន់ផលិតអំបិលក្នុងខេត្តកំពត-កែប បែរជាទទួលភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យកសិករមិនអាចធ្វើស្រែអំបិលបាន។
លោកបន្តថា ថ្នាក់ដឹកនាំសហគមន៍នឹងជួបប្រជុំគ្នាដើម្បីពិភាក្សាពីការនាំចូល អំបិល មុននឹងធ្វើការស្នើសុំទៅអាជ្ញាធរ។ តាមលោក ប៊ុន បារាំង អំបិលដែលនាំចូលនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យគុណភាពនៅ មន្ទីរពិសោធន៍ត្រឹមត្រូវ។ ការធ្លាក់ចុះទិន្នផលអំបិលក្នុង ឆ្នាំនេះ បណ្តាលមកពីកត្តាធំៗ ២ គឺអាកាសធាតុ និងការធ្លាក់ចុះចំនួនអ្នកផលិត។
សូមជម្រាបថា បច្ចុប្បន្ន ផ្ទៃដីផលិតអំបិលនៅកម្ពុជា មានប្រមាណជាង ៤.៥០០ ហិកតា ដែលលាតសន្ធឹងលើទឹកដីក្នុងខេត្តកំពត-កែប ហើយការផលិតឆ្នាំនេះ សម្រេចបានទិន្នផលតែជាង ៣០ ០០០ តោន(បីម៉ឺនតោន)ប៉ុណ្ណោះ ក្នុងចំណោមតម្រូវការប្រើប្រាស់សរុបពី ៨-១០ ម៉ឺនតោន ក្នុង ១ ឆ្នាំ។ ប្រសិនបើអាកាសធាតុអំណោយផលល្អ ក្នុង ១ហិកតា គេអាចផលិតអំបិលបានប្រហែល ២០ តោន៕