ដោយ ៖ ផានូរ៉ាត
ក្រុងព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ បានបើកយុទ្ធនាការសម្អាតទីក្រុង ដោយ ប្រមូលកាកសំណល់ សំរាម តាមតំបន់មួយចំនួន និងតាមដងផ្លូវនានា ដើម្បីលើកកម្ពស់ អនាម័យ បរិស្ថាន សោភណ្ឌភាព សក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្បីរបស់កម្ពុជា ដោយមានអ្នកស្ម័គ្រចិត្តចូលរួមប្រមាណជិត ១ម៉ឺននាក់ រួមទាំងប្រើប្រាស់គ្រឿងចក្រ ជាង១៦០គ្រឿង សម្រាប់ជួយឈូសឆាយផដងដែរ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការប្រមូលផ្តុំកម្លាំង និងមធ្យោបាយ តាមការស្មគ្រ័ចិត្ត ចូលរួមពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងផ្នែកឯកជន នៅថ្ងៃនេះ គឺដើម្បីធ្វើការសម្អាតសំរាមដែលនៅសល់យូរ ច្រើនថ្ងៃខែ មកហើយ នៅតាមផ្លូវ និងទីសាធារណៈនានាក្នុងទីក្រុងឱ្យ បានស្អាតម្តង រួចហើយប្រគល់ឱ្យទៅក្រុមហ៊ុនដែលមានភារកិច្ចធ្វើការគ្រប់គ្រង និងសម្អាតបន្តកុំឱ្យមាននៅសល់សំរាមតទៅទៀត។
លោកអភិបាលខេត្តបានបញ្ជាក់ថា ពេលនេះ បើយើងមិនជួយសម្អាត ក្រុមហ៊ុនប្រមូលសំរាមខ្លះ ៗ ទេ សំរាមវានៅសេសសល់ពាសពេញក្នុងទីក្រុង ។ ពេលសម្អាតឲ្យស្អាតហើយបើនៅមានសំរាមថ្មីកើតឡើងទៀតនោះ វាជាការបង្ហាញឱ្យឃើញពីសមត្ថភាព និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនប្រមូលសំរាម។
យុទ្ធនាការសម្អាតទីក្រុង ដែលផ្តួចផ្តើមគំនិតឡើងដោយលោកអភិបាលខេត្តព្រះសីហនុ គួច ចំរើននៅថ្ងៃនេះ គឺដើម្បីទីក្រុងដែលជាផ្ទះរស់នៅរបស់យើងទាំងអស់គ្នា ស្អាតដោយមានការចូលរួមពីបណ្តាអង្គភាពនានានៅជុំវិញខេត្ត ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងនេះ សរុបប្រមាណជាង ៣.០០០នាក់ ជាមួយនឹងរថយន្ត គ្រឿងចក្រ ប្រមាណ ១៦០គ្រឿង ។
ការសំរាមនៅក្នុងក្រុងព្រះសីហនុសព្វថ្ងៃនេះ មានក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ KSWM ទទួល ខុសត្រូវដឹកជញ្ជូនសំរាមចេញដោយមានរថយន្ត និងគ្រឿងចក្រចំនួន ៦៨គ្រឿង យកទោដាក់តាមដេប៉ូសំរាមជាង៣០កន្លែង ដែលក្នុងមួយថ្ងៃមានបរិមាណសរុបពី៦៥០ ទៅ៧០០តោន បើនៅថ្ងៃ បុណ្យអាចកើនដល់៨០០តោន ត្រូវដឹកទៅចាក់ចោលនៅទីលានចាក់សំរាមអូរចំណា ដែលមានទំហំ៥០ហិកតា មានចម្ងាយជាងមួយគីឡូម៉ែត្រពីផ្លូវជាតិលេខ៤ និងមានចម្ងាយប្រមាណជា៣៧គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ៕