ភ្នំពេញ ៖ លោកបណ្ឌិត Henry C. Theriault ប្រធានអង្គសន្និសីទអន្តរជាតិនៃអ្នកស្រាវជ្រាវជាន់ខ្ពស់ពីអំពើប្រល័យពូជសាសន៍បានសម្តែង “ភាពខ្មាស់អៀននិងសូមអភ័យទោសដល់ពលរដ្ឋខ្មែរចំពោះការទម្លាក់គ្រាប់បែករបស់សហដ្ឋអាមេរិកមកលើប្រទេសកម្ពុជា” ចាប់ពីឆ្នាំ១៩៦៩ ដល់ដើមទសវត្សរ៍៧០។
លោកបណ្ឌិត Henry ជនជាតិអាមេរិក និងជាប្រធានសមាគមអន្តរជាតិនៃអ្នកស្រាវជ្រាវជាន់ខ្ពស់ពីអំពើប្រល័យពូជសាសន៍បានមានប្រសាសន៍បែបនេះរហូតដល់ទៅពីរដងក្រោយពីមកដល់ទីក្រុងភ្នំពេញតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែក្នុងនាមជាពលរដ្ឋអាមេរិកមួយរូបមិនតំណាងឱ្យអង្គសន្និសីទទាំងមូលឬរដ្ឋាភិបាលអាមេរិកនោះទេ។
សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចំនួន២.៧ លានតោនមកលើប្រទេសកម្ពុជាលើសពីចំនួនគ្រាប់បែកដែលបានទម្លាក់នៅជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី២ (រួមទាំងនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី) ជិតមួយលានតោន។ ក្នុងអំឡុងពេលបួនឆ្នាំ (១៩៦៩ ដល់១៩៧៣) ប្រជាពលរដ្ឋខ្មែរ ប្រហែល៣០ភាគរយនៅទូទាំងប្រទេសត្រូវបានផ្លាស់ទីលំនៅដើម្បីគេចចេញពីវិនាសកម្មការទម្លាក់គ្រាប់បែករបស់អាមេរិក។
នៅឯពិធីបើកអង្គសន្និសីទអន្តរជាតិនៅទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ហើយដែលមានអ្នកស្រាវជ្រាវជាន់ខ្ពស់ជិត៥០០នាក់ មកពីទូទាំងពិភពលោកបានចូលរួម លោកបណ្ឌិត Henry ក្រៅពីសុំទោសពលរដ្ឋខ្មែររឿងអតីតកាល ក៏បានធ្វើការចាប់អារម្មណ៍ផងដែរពីទុក្ខលំបាកនិងសោកនាដកម្មនានាដែលកើតចេញពីរបបប្រល័យពូជសាសន៍។
អំពើប្រល័យពូជសាសន៍នៅកម្ពុជា គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទជាច្រើនដែលត្រូវលើកមកពិភាក្សា ក្នុងនោះរួមមាន សេរ៉ាឡេអន រ៉ូវ៉ាន់ដា និងឥទ្ធិពលរបស់សហគមអឺរ៉ុបកាលពីអតីតកាលទៅលើប្រទេសប៊ុលហ្គារីនិងស៊ែកប៊ី ជាដើម។
ការរៀបចំសន្និសីទអន្តរជាតិរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៤ដល់១៧ ខែកក្កដាឆ្នាំ២០១៩ របស់ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ជិត៥០០នាក់មកពីទូទាំងពិភពលោកពេលនេះបានឆ្លុះបញ្ចាំងពីលំហូរនៃសេរីភាពការបញ្ចេញមតិដ៏ទូលំទូលាយនៅប្រទេសកម្ពុជានិងជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើន ពីវិសាលភាព និងពីគុណភាពអប់រំដែលគេស្ទើរពុំជឿមុនពេលមកដល់ទឹកដីកម្ពុជា។
លោកបណ្ឌិត Kenneth Dunn ប្រធានសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានថ្លែងថា «កាលពី៤០ឆ្នាំមុន កម្ពុជាជាកន្លែងដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសល់។ ថ្ងៃនេះ យើងសូមស្វាគមន៍អ្នក ក្នុងនាមជាប្រទេសកម្ពុជាថ្មី ដែលបានក្លាយជាគំរូមួយអំពីរបៀបដែលប្រទេសមួយនេះ អាចកសាងលើគំនរផេះផង់កាលពីអតីតកាលដ៏សោកសៅ ដើម្បអនាគតថ្មីប្រកបដោយសុទិដ្ឋិនិយម»។
សន្និសីទនេះ ត្រូវបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាម្ចាស់ផ្ទះសហការរួមគ្នាជាមួយសាកលវិទ្យាល័យ Rutgers University មកពីសហរដ្ឋអាមេរិក។
សមាគមអន្តរជាតិនៃអ្នកស្រាវជ្រាវជាន់ខ្ពស់ ស្តីពីអំពើប្រល័យពូជសាសន៍ បង្កើតឡើងក្នុងឆ្នាំ១៩៩៤ គឺជាអង្គការអន្តរជាតិដែលមិនប្រកាន់និន្នាការនយោបាយ ហើយបង្កើតឡើងក្នុងគោលបំណងស្វែងរកការស្រាវជ្រាវបន្ថែមលើផលវិបាកនៃអំពើប្រល័យពូជសាសន៍ ព្រមទាំងដើម្បីជំរុញការសិក្សាគោលនយោបាយស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍៕