ដោយ ៖ សុផល
ខេត្តកំពង់ចាម ៖ ស្ថិតក្នុងដំណើរអញ្ជើញចុះ ជួប សំណេះសំណាល ជាមួយ នឹង មន្ត្រី រាជការ នៃ ស្រុក កោះសូទិន និងស្រុកស្រីសន្ធរ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនិងមន្ត្រី ពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពសាងសង់ផ្លូវកៅស៊ូ ១ខ្សែ និងផ្លូវបេតុងជាច្រើនគីឡូម៉ែត្រ តភ្ជាប់ពីស្រុកកោះសូទិន ទៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខណៈ ដែល ប្រជាពលរដ្ឋបានសំដែងនូវទឹកចិត្តត្រេកអរ និងថ្លែងអំណរគុណជាអនេកចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ ក៏ដូចសប្បុរសជន ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាផ្លូវជាច្រើនគីឡូម៉ែត្រ ជូនដល់ពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ។
ដោយការស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែ ដែលមានមានប្រវែង ៣.២០០ម៉ែត្រ ទទឹង ៨ម៉ែត្រ តភ្ជាប់ពីចំណុច ឃុំមហាខ្ញូង និងឃុំព្រែកតានង់ នៃស្រុកកោះសូទិន ឆ្ពោះទៅកាន់ស្រុកស្រីសន្ធរ ដោយសម្រេចលទ្ធផលបានប្រមាណជា ៦០% ហើយ ។
ចំណែកផ្លូវបេតុង ១ខ្សែ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ តាមរយៈក្រុមហ៊ុន ប៉េងហួត ដែល រហូតមកដល់ពេលនេះគឺ ចាក់បេតុងទាំងសងខាងផ្លូវសម្រេចបានប្រវែង ១៣គីឡូម៉ែត្រ និងចាក់មួយចំហៀងបានប្រវែង ១៤គីឡូម៉ែត្រ។
បើទោះបីជាសមិទ្ធផល ដែលកំពុងតែដំណើរការស្ថាបនាក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋ សម្ដែងនូវសេចក្ដីរីរាយជាខ្លាំង ក៏ព្រោះតែមកដល់ពេលនេះ ពួកគាត់មិននឹកស្មានថា ទទួលបានផ្លូវកៅស៊ូ និងផ្លូវបេតុងដ៏ប្រណីតយ៉ាងដូច្នេះឡើយ ។
គួរបញ្ជាក់ថាក្នុងដំណើរចុះពិនិត្យស្ថានភាពផ្លូវខាងលើនេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអញ្ជើញចូលសំណេះសំណាលជាមួយមន្ត្រីរាជការ និងអជ្ញាធរមានសមត្ថកិច្ច ក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ដោយក្នុងនោះ លោកក៏បានផ្តាំផ្ញើទៅដល់មន្ត្រីរាជការ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ក្នុងនាមជាអ្នកបម្រើរាស្ត្រពិតប្រាកដ និងជាប្រតិបត្តករ គឺត្រូវខិតខំបម្រើសេវាសាធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យបានលឿន និងមានប្រសិទ្ធភាព ហើយត្រូវដោះស្រាយ រាល់បញ្ហា និងក្តីកង្វល់ជូនប្រជាពលរដ្ឋឲ្យបានលឿនបំផុត។
ជាងនេះទៅទៀតលោកអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តទៅដល់រដ្ឋបាលស្រុកទាំងពីរខាងលើ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាការគ្រប់គ្រងមន្ត្រីរាជការ បញ្ហាប្រឈមដោយការបាក់ច្រាំងទន្លេ និងបញ្ហាដីធ្លី ដែក្នុងនោះលោកមេភូមិ លោកមេឃុំ ត្រូវពិនិត្យឯកសារឲ្យបានត្រឹមត្រូវ មុននឹងស៊ីញ៉េទៅលើឯកសារណាមួយ៕