ដោយ ៖ សុត្ថារ៉ា
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបង្កើនការយល់ដឹងស្តីពីការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផ្ទាល់លើប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកាសម្រាប់ក្រសួងស្ថាប័នទាំង១៧ និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលត្រៀម ខ្លួមក្នុងការចូលរួមប្រើប្រាស់ប្រព័ន្ឋមួយនេះជាផ្លូវការនៅឆ្នាំ២០២០ខាងមុខ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រជាប្រធានក្រុមរងារគ្រប់គ្រងគម្រោងកម្មវិធីបង្កើនការយល់ដឹង ស្តីពីការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរំលេចពីសកម្មភាពការងាររបស់ក្រុមការងារគ្រប់គ្រងគម្រោងដែលបានអនុវត្តតាមផែនការពង្រីកការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី៣ ២០១៧-២០២០ ដោយបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន លើការអនុវត្តផែនការសកម្មភាពគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រេច បាននូវការងារសំខាន់ៗជាច្រើនរួមមានៈ ផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ ផ្នែកនីតិវិធីអនុវត្តការងារ និងផ្នែក រៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៍មានរបស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាដើម។
លោក ហ៊ាន សាហ៊ីប បានលើកឡើងថា៖ កម្មវិធីបង្កើនការយល់ដឹងស្តីពីការអនុវត្តប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានគោលបំណងសំខាន់ពីរគឺៈទី១.ដើម្បីឱ្យក្រសួង ស្ថាប័នចំនួន១៧ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ស្វែងយល់ឱ្យកាន់តែ ច្បាស់អំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការបង្ហាញផ្ទាល់របស់មន្ត្រីដែលបាន និងកំពុងប្រើប្រាស់ប្រព័ន្ធមួយនេះនៅតាមក្រសួងសាមី និងអគ្គនាយក ដ្ឋានពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។
ទី២. ដើម្បីបំផុសឱ្យក្រសួង- ស្ថាប័នត្រៀមខ្លួនគិតគូរអំពីការផ្លាស់ប្តូរ ដែលនឹងកើតមានឡើងនៅឆ្នាំ ២០២០ និងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះជាក់លាក់ និងឈានដល់ការកាត់បន្ថយនីតិវិធីអនុវត្តការងារមួយចំនួន និងដើម្បីត្រៀមលក្ខណៈធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, បន្តឈានទៅលុបបំបាត់ចោលនីតិវិធីអនុវត្តការងារ និងឯកសារ ក្រដាសស្នាមនៅក្រៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងស្រុងនៅពេលអនាគត៕