ដោយ ៖ សុត្ថារ៉ា /
ភ្នំពេញ ៖ កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ & វាយនភ័ណ្ឌកម្ពុជា អន្តរជាតិ លើកទី៨ឆ្នាំ ២០១៩ ក្នុងខែសីហា ចាប់ពីថ្ងៃទី២២¬-២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីជំរុញការអភិវឌ្ឍន៍ វិស័យឧស្សាហកម្មនៅកម្ពុជា ឱ្យកាន់តែជឿនលឿន និងទំនើបកម្មនាពេលខាងមុខ។
ប្រធានគម្រោងនៃក្រុមហ៊ុន Yorker Trande & Marketing Service Co.,Ltd, លោក Akai Lin បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៣ខែក្កដានេះ នៅភោជនីយដ្ឋានទន្លេបាសាក់ថា ព្រឹត្តការណ៍ពិពរណ៍ប្រចាំឆ្នាំលើកទី៨នេះ នឹងរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និង សិប្បកម្ម សភាពាណិជ្ជកម្មកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងគ្រាំទ្រដោយអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងបណ្តាក្រុមហ៊ុននានា បានការចូលរួម២៨០ស្តង់ មកពី២០០ក្រុមហ៊ុន នៃបណ្តាប្រទេសចំនួន១៥ និងតំបន់។ដែលចំនួននេះកើនឡើងរហូតដល់៤០ភាគរយ បើធៀបនឹងឆ្នាំមុនៗ។
លោកបន្តថា ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ &វាយនភ័ណ្ឌកម្ពុជា អន្តរជាតិ គឺជាពិព័រណ៍ដ៏មានសក្តានុពល គ្របដណ្តប់លើវិស័យឧស្សាហកម្ម ជាច្រើន ដូចជា ជ័រប្លាស្ទិក, កៅស៊ូ, ការបោះពុម្ព,ការវេចខ្ជប់,ការកែច្នៃម្ហូបអាហារ, គ្រឿងចក្រកសិកម្ម,ឧបករណ៍ និងគ្រឿងបន្លាស់អេឡិចត្រូនិច,គ្រឿងបន្លាស់រថយន្ត, វិស្វកម្មថាមពលអគ្គិសនី និងសម្លៀកបំពាក់ &វាយនភ័ណ្ឌ។
លោក លី ទិចហេង នាយកប្រតិបត្តិ នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងឱ្យដឹងដែរថា ការតាំពិព័រណ៍មានប្រយោជន៍ខ្លាំងណាស់ ដោយសារផលិតផលដែលគេយកមកតាំងបង្ហាញអាចថា អ្នកខ្លះដឹង អ្នកខ្លះអត់ដឹង អញ្ចឹងមានន័យថា គេយកម៉ាស៊ីនប្រភេទទំនើប បច្ចេកវិជ្ជាថ្មី ដែលគេបានធ្វើមកកាន់តែប្រសើរជាងមុនវាជួយដល់អ្នកវិនិយោគកាន់តែអភិវឌ្ឍន៍លឿនជាងមុន លើសពីនេះក៏ជាឱកាស ក្នុងការចាប់ដៃគូរផ្លាស់ប្តូរពាណិជ្ជកម្មរវាងក្រុមហ៊ុនមកពីបណ្តាប្រទេសសំខាន់ៗទាំងនោះផងដែរ។
ចំណែក អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ងួន ម៉េងតិច បានថ្លែងថា ការតាំពិព័រណ៍នេះ វាជាគន្លឹះដើម្បីអភិវឌ្ឍន៍នូវអ្វី ដែលគេចង់បាន ហើយការតាំពិព័រណ៍កាន់តែញឹកញាប់ វាកាន់កាន់តែប្រសើរ សម្រាប់អ្នកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍បន្ថែម លើផ្នែកបច្ចេកវិទ្យា ជាពិសេសអភិវឌ្ឍន៍ ទាំងអ្នកតាំងបង្ហាញ អ្នកចូលរួម និង វិនិយោគ។ ឯកឧត្តម បានគាំទ្រ ឱ្យមានការតាំងពិពរណ៍លក្ខណៈអន្តរជាតិបែបនេះឱ្យបានជារៀងរាល់ឆ្នាំ៕