ដោយ ៖ ផានូរ៉ាត /
ភ្នំពេញ ៖ កម្ពុជាគឺគោលដៅរបស់ឧក្រិដ្ឋជន ប្រើប្រាស់ដើម្បីឆ្លងកាត់ការជួញដូរផលិតផលសត្វព្រៃ ពិសេសកុយរមាស ភ្លុកដំរីជាដើមមុននឹងយកបន្តទៅតំបន់អាស៊ី។ចំណូលដែលឧក្រិដ្ឋជនរកបានពីការជួញដូរសត្វព្រៃមានពី៧ទៅ២៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅទូទាំងពិភពលោក។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីតួនាទីរបស់សារព័ត៌មានក្នុងការឆ្លើយតបទៅនឹងការជួញដូរសត្វព្រៃ នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី ២៣ កក្កដានេះ លោក កែន សេរីរដ្ឋា ប្រធាអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS បានបញ្ជាក់ថា កម្ពុជាបានក្លាយជាគោលដៅសម្រាប់ឧក្រិដ្ឋជន ដើម្បីប្រើប្រាស់ដឹកឆ្លងកាត់ផលិតផលសត្វព្រៃទៅកាន់តំបន់អាស៊ី ពីទ្វីអាហ្រ្វិក ពិសេសភ្លុកដំរី និងកុយរមាស ស្រកា និងពង្រួល។ ការជួញដូរសត្វព្រៃ ត្រូវបានគេចាត់ទុកថា ជាបទល្មើសឆ្លងដែនមួយ ក្នុងចំណោមបទល្មើសឆ្លងដែន ជាច្រើនដែលអាចរកប្រាក់បានច្រើនបំផុតនៅលើពិភពលោក គិតជាប្រាក់ចន្លោះពី៧ទៅ២៣ពាន់លានដុល្លារអាមេរិក។ ត្បិតកម្ពុជា ត្រូវបានឧក្រិដ្ឋជន យកមកប្រើប្រាស់ ដើម្បីជួញដូរ ប៉ុន្តែសត្វព្រៃរបស់កម្ពុជា មួយចំនួនក៏ត្រូវបានគេយកទៅជួញដូរក្នុងប្រទេសនិងនាំចេញទៅខាងក្រៅថែមទៀត។
បើតាមលោកស្រី Sarah Brook ទីប្រឹក្សាបច្ចេកទេសទប់ស្កាត់ការជួញដូរសត្វព្រៃ បានបញ្ជាក់ថា សត្វក្តាន់ ខ្ទីង ខ្លារខិន ត្រូវបានគេបរបាញ់ និងជួញដូរស្ទើរផុតពូជ នឹងលួចលាក់នាំចេញទៅប្រទេសវៀតណាម គ្រាដែលសត្វប្រភេទ ល្មូន អណ្តើក ពស់ ពង្រួល ត្រូវបានគេជួញដូរយ៉ាងច្រើនទាំងក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសថៃ។
លោក កែន សេរីរដ្ឋា ប្រធាអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS បទល្មើសជួញដូរសត្វព្រៃនៅកម្ពុជាបានថយចុះ ប៉ុន្តែចំនួនសត្វព្រៃរបស់កម្ពុជា ក៏បានបាត់បង់ច្រើន រហូតមានសត្វខ្លះបានបាត់វត្តមានជាបណ្តើរ ដូចជាខ្លារដំបង រមាំងជាដើម។កត្តាដែលធ្វើឲ្យបាត់បង់សត្វព្រៃនៅកម្ពុជា គឺដោយសារ កំណើននៃការបរបាញ់ ការកើនឡើងនៃដីកសិកម្ម ធ្វើឲ្យបាត់បង់ជម្រកសត្វព្រៃ។
បើតាមរបាយការណ៏របស់កម្មវិធីលើកកំពស់បរិស្ថាន UNEP បានបង្ហាញថា ការជួញដូរសត្វព្រៃគឺជាការគំរាម កំហែងមួយក្នុងចំណោមការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសត្វព្រៃនៅទូ ទាំងពិភពលោក ធ្វើឲ្យប៉ះពាល់ដល់នីតិរដ្ឋ ចម្លងជំងឺមកមនុស្ស និងប៉ះពាល់ ដល់ជីវភាពរស់នៅរបស់សហគមន៏មូលដ្ឋាន។ ការជួញសត្វព្រៃត្រូវបានគេចាត់ទុកថា ជាបទល្មើសធ្ងន់ធ្ងរមួយ ដូចទៅនឹងបទល្មើសជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងជួញដូរអាវុធដែរ។ ដោយឡែក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រាក់ចំណូលបានមកពីការលក់សត្វព្រៃខុសច្បាប់ មានចំនួន២,៥ពាន់លានដុល្លារក្នុងមួយឆ្នាំ៕