តុលាការកំពុងស៊ើបសួរមនុស្សពីរនាក់ករណីប្លន់លុយជាង២លានដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2019 ក+ ក-

​ដោយ ៖ ផានូរ៉ាត /

ភ្នំពេញ ៖ មន្ត្រីនៃនាយកដ្ឋានអង្គរក្សម្នាក់ និងគ្នីគ្នាម្នាក់ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាននៅពីរកន្លែងផ្សេងពីគ្នា ក្រោយពេលអ្នកទាំងពីរបានប្លន់យកលុយជាង ២លានដុល្លារពីបុគ្គលិកក្រុមហ៊ុន ឆាយ វ៉ាន់ ម្នាក់ក្នុងពេលបើកប្រាក់ចេញពីធនាគារ។

តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យម្នាក់មានឈ្មោះ អៀម សំអន ភេទប្រុស អាយុ៣៨ឆ្នាំ បម្រើការងារនៅនាយកដ្ឋានអង្គរក្ស មានឋានន្តរស័ក្តិអនុសេនីយ៍ឯក មុខងារជំនួយការស្រាវជ្រាវសន្តិសុខ មានទីលំនៅផ្ទះសង់ថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ វ៉ា សុខ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២០២អឺ៣ ផ្លូវលេខ១៣០ ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ មុខរបរអ្នកបើកបររថយន្តនៅក្រុមហ៊ុន ឆាយ វ៉ាន់។

របាយការណ៍ដដែលបង្ហាញថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង ៧៖៤០នាទីយប់ គណនេយ្យក្រុមហ៊ុន ឆាយ វ៉ាន់ បានឲ្យសែកមួយសន្លឹកមានទឹកប្រាក់ ៥លានដុល្លារ ទៅបុគ្គលិកក្រុមហ៊ុនម្នាក់ឈ្មោះ នី សំអាត និងអ្នកបើករថយន្តឈ្មោះ វ៉ា សុខ ដើម្បីទៅបើកលុយពីធនាគារមួយនៅជិតអតីតក្រសួងពាណិជ្ជកម្ម។ បន្ទាប់ពីបើកលុយបានហើយឈ្មោះ នី សំអាត បានយកទុកក្នុងថង់១ និងសាក់កាដូ២។ ពេលបើករថយន្តដល់ចំណុចផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ឈ្មោះ វ៉ា សុខ ជាអ្នកបើកបររថយន្តបានប្រើល្បិចឈប់រថយន្ត ហើយចុះទៅបើកទ្វាររថយន្តខាងក្រោយយកសាក់កាដូមួយដែលមានលុយ ២លាន ៤សែនដុល្លារ រួចគំរាមឈ្មោះ នី សំអាត មិនឲ្យស្រែកហើយស្ទុះរត់ទៅជិះម៉ូតូដែលមានឈ្មោះ ចាន់ ជាអ្នកបើកចេញទៅបាត់តែម្តង។ លុះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបានតាមស្វែងរកចាប់ខ្លួនបានឈ្មោះ វ៉ា សុខ នៅក្រុងបាវិត ខេត្តស្វាយរៀង រកឃើញលុយជាង ១៣ម៉ឺនដុល្លារ ហើយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ចាប់ខ្លួនបានម្នាក់ទៀតឈ្មោះ អៀម សំអន រកឃើញលុយ ២៥ម៉ឺនដុល្លារ ដែលគេទុកនៅក្នុងផ្ទះ និងដកហូតវត្ថុតាងមួយចំនួន។

ក្រោយពេលសាកសួរ និងប្រមូលភស្តុតាងរួចមក ជនត្រូវចោទទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់៕