ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ACU នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ បានបញ្ជូនមន្ត្រីនគបាល៣នាក់ទៅកាន់តុលាការម្តងទៀត ដើម្បីបន្តស៊ើបសួរជាថ្មីករណីរត់ការសូកប៉ាន់ដោះលែងជនចិនតៃវ៉ាន់ចំនួន១៨នាក់ ។
ក្រោយពីការឃាត់ខ្លួន មន្ដ្រីនគរបាលទាំង៣រូបនោះ ធ្លាប់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះមាន២នាក់ ជាមន្ត្រីនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ និងវរសេនីយ៍ត្រី) និងម្នាក់ទៀតនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ទាំងសមត្ថកិច្ច និងតុលាការនៅមិនទាន់ហ៊ានបង្ហើបអំពីឈ្មោះអ្នកទាំងនេះនៅឡើយទេ។
ជនជាតិចិនចំនួន១៨នាក់ ដែលនគរបាលទាំង៣រូប រត់ការឱ្យដោះលែងនេះ ត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ក្រាបបានកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត។បន្ទាប់ពីឃាត់ខ្លួនឧក្រិដ្ឋជនចិននេះរួចមក មន្ដ្រីនគរបាលទាំង៣នាក់នោះ បានចេញមុខរត់ការដោះលែង រហូតដឹងដល់ថ្នាក់ដឹកនាំ ទើបឈានទៅការចាត់វិធានការតាមផ្លូវច្បាប់តែម្តង។
សូមបញ្ជាក់ថា កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំដោយលោក ខៃ សម្ជស្ស ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចូលរួមពីលោក ឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងខេត្ត លោកឈឺន សុធន អភិបាលស្រុកបរសេដ្ឋ កងកម្លាំងនគរបាលជំនាញពាក់ព័ន្ធ បានប្រតិបត្ដិការជាក់ស្តែងនៅទីតាំងដីចំការស្វាយមួយកន្លែង ស្ដិតនៅក្នុងភូមិចា ឃុំស្វាយចចឹប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ៩និង៣០នាទី នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាល បានចូលឆែកឆេរទីតាំងដីចំការស្វាយ (ឃ្លាំងប្រក់សង្ក័សីទំហំ ៤០ គុណ ១០០ ម៉ែត្រ រកឃើញមនុស្សជនជាតិ ចិន ១៨នាក់ សញ្ជាតិតៃវ៉ាន់១២នាក់ សម្ភារៈឧបករណ៍បច្ចេកទេសគ្រឿងបំពាក់ Wifi កាមេរ៉ាសុវត្ថិភាពជុំវិញទីតាំង ម៉ាស៊ីនកុំព្យូទ័រ ៦គ្រឿង ម៉ាស៊ីនភ្ជាប់ដុំWifi ៤គ្រឿង ទូរស័ព្ទចល័តដាក់លើតុខ្សែ ៣៣គ្រឿង ទូរស័ព្ទដៃប្រភេទចម្រុះ ៣៣គ្រឿង អាយផេត ៤គ្រឿង ម៉ាស៊ីនសឺវឺ មួយឈុត អង់តែនទាញសេវាទូរស័ព្ទ ឡាំងក្រដាសបិតស្នោរការពារសំឡេងរំខានដាក់លើតុ ចំនួន២០ ម៉ាស៊ីនភ្លើងកម្លាំង 150LS ចំនួន២គ្រឿង ឯកសារភស្តុតាងភាសាចិន មានរូបថតជនជាតិចិន ឯកសារផ្ទេរប្រាក់តាមធនាគារ ឯកសារភស្ដុតាងរួមផ្សំមួយចំនួន ទៀត។
តាមការបញ្ជាក់ឲ្យដឹងពីឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងសមត្ថកិច្ចមូលដ្ឋានថា ដីចំការស្វាយគឺជាកម្មសិទ្ធរបស់លោក ហេ ជីវ អេង មុខរបរជាមេធាវី បានជួលទៅឲ្យឈ្មោះ រ័ត្ន ពិន្ទ (ជាតំណាងឈរឈ្មោះឲ្យបុគ្គលម្នាក់ទៀត នៅរាជធានីភ្នំពេញ មិនស្គាល់ឈ្មោះ) ក្នុងតម្លៃ ២២០០០ដុល្លារអាមេរិក៕