ពលរដ្ឋ​ថា​សមត្ថកិច្ច​ព្រំដែន​មិន​ទប់ ស្កាត់​ពលរដ្ឋ​ថៃ​ដែល​ចូល​ធ្វើស្រែ​ក្នុង​ដី​ខ្មែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2015 ក+ ក-

បន្ទាយមានជ័យ​៖ប្រជាពលរដ្ឋ​នៅ​តំបន់​ជាយដែន​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រួយបារម្ភ​បញ្ហា​ប្រជាពលរដ្ឋ​ថៃ ចូលធ្វើ​ស្រែ​ក្នុង​ទឹកដី​ខ្មែរ​តំបន់​បង្គោល​ឡាក់​លេខ​ទី​៤៣ នៅ​ស្រុក​អូរជ្រៅ​។ ការព្រួយបារម្ភ​នេះ កើតមាន​ដោយសារ​ជនជាតិ​ថៃ នាំគ្នា​យក​ត្រាក់ទ័រ​ចូល​ភ្ជួរ​ដីស្រែ​ក្នុង​ទឹកដី​ខ្មែរ​អស់​ប្រមាណ ៣០​ហិកតារ​ជា​បន្តបន្ទាប់ កាលពីដើម​ខែមិថុនា កន្លងទៅ ប៉ុន្តែ​ពុំមាន​សមត្ថកិច្ច​កម្ពុជា ណា​ទប់ស្កាត់​នោះទេ​។​

​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​ថៃ ចូលមក​ធ្វើស្រែ​នោះ ទីកន្លែង​ខ្លះ​ត្រូវគេ​ព្រោះស្រូវ​ដុះ​ខ្លីៗ​ប្រមាណ​ជា ១០​ថ្ងៃ និង​ទីតាំង​ខ្លះទៀត​ទើបតែ​ព្រោះស្រូវ​ថ្មីៗ គឺ​ប្រមាណ​ពី ៣ ទៅ ៥​ថ្ងៃ​ប៉ុណ្ណោះ ហើយ​មាន​ចម្ងាយ​ចូលក្នុង​ទឹកដី​ខ្មែរ​ប្រមាណ ៥០០​ម៉ែត្រ​ពី​បង្គោល​ឡាក់​ព្រំដែន​លេខ​៤៣ នៃ​ព្រំដែន​ខេត្តបន្ទាយមានជ័យ​។​

​នៅ​តំបន់​ជាយដែន​នោះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៣០​នាក់ នាំគ្នា​ការពារ​ទឹកដី​នៅក្រោម​ដើមឈើ​នៅ​តំបន់​ដី​ដែលមាន​បញ្ហា​នោះ​ដោយ ខ្លួនឯង​។ ក្រៅ​អំពី​ប្រជាពលរដ្ឋ​ហើយ យើង​ក៏​សង្កេតឃើញ​មាន​មន្ត្រីប៉ូលិស និង​ទាហាន​ការពារ​ព្រំដែន​ប្រមាណ ៣​នាក់ ចង​អង្រឹង​តាម​ដើមឈើ​ក្បែរ​នោះដែរ ប៉ុន្តែ​ពួកគេ​ហាក់​ពុំ​ខ្វល់​ការពារ​ទឹកដី​ដែល​ប្រជាពលរដ្ឋ​ថៃ ចូលមក​ធ្វើស្រែ​នោះឡើយ​។ មន្ត្រី​ទាំងនោះ ព្យាយាម​រារាំង​មិន​ឲ្យ​អ្នកយកព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ចូលទៅ​ផ្ដិត​រូបភាព​នៅ​បង្គោល​ឡាក់​ព្រំដែន​ឡើយ​។​

​ក្រុម​ប្រជាពលរដ្ឋ​ដែល​ឈរ​ក្រោម​ដើមឈើ​ការពារ​ទឹកដី​នៅ​តំបន់​ព្រំដែន ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នោះ​អះអាងថា ប្រជាពលរដ្ឋ​ថៃ ចូលមក​ភ្ជួរ​ដីស្រែ​ក្នុង​ទឹកដី​ខ្មែរ​បែប​លួច​ឆ្មក់ ដោយ​ធ្វើ​សកម្មភាព​ម្ដងៗ​ដែល​ប្រជាពលរដ្ឋ​ថៃ ប្រហែល ២០​នាក់ និង​ត្រាក់ទ័រ​ភ្ជួរ​ដី​ប្រមាណ​ពី ៣ ទៅ ១០​គ្រឿង ហើយ​នាំគ្នា​ភ្ជួរ​ព្រោះ​ក្នុងពេល​តែមួយ ដោយ​ប្រើ​រយៈពេល​ខ្លី​ប្រមាណ ២​ម៉ោង ហើយ​ពួកគេ​វិញ​ត្រឡប់​ចូល​ទឹកដី​ថៃ វិញ​៖ «​បាទ​! ដី​ខាង​ដែល​ថៃ ធ្វើ​នេះ​បាន​កំណត់ថា ជា​ដី​របស់​ខ្មែរ ហើយ​ផ្នែក​ចាប់ពី​បង្គោល​ឡាក់​លេខ​៤៣ ទៅជា​ដី​របស់​ថៃ​។ យើង​មកនេះ​ដើម្បី​រួមគ្នា​ការពារ​ដី​របស់​ខ្មែរ មិន​ឲ្យ​ពលរដ្ឋ​ថៃ ធ្វើស្រែ​លើទឹក​ដី​ខ្មែរ​ទៀត​»​។​

​ក្រុម​ប្រជាពលរដ្ឋ​សម្ដែង​ការព្រួយបារម្ភ​ថា ផ្ទៃដី​ដែល​ពលរដ្ឋ​ថៃ ចូលមក​ធ្វើស្រែ​នៅ​ចំណុច​ភូមិ​ព្រៃ​ចាន់ នោះ ពួកគេ​នឹង​បន្តសកម្មភាព​ភ្ជួរស្រែ​ទៅមុខទៀត​។ បញ្ហា​នេះ ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ថា ប្រសិនបើ​សមត្ថកិច្ច​ខ្មែរ​មិន​ទប់ស្កាត់​ទេ ផ្ទៃដី​ប្រមាណ ២០០​ហិកតារ​នៅ​តំបន់​ជាយដែន នឹង​ក្លាយជា​ដីស្រែ​របស់​ថៃ គ្មាន​សល់​ក្នុងពេល​ឆាប់ៗ​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៥១៥ ប្រចាំការ​នៅ​តំបន់​នោះ លោក ឃួន ជឿន ទទួលស្គាល់ថា ពិត​ជាមាន​ប្រជាពលរដ្ឋ​ថៃ ចូលមក​ភ្ជួរ​ដី​ធ្វើស្រែ​នៅ​ចំណុច​ភូមិ​ព្រៃ​ចាន់ នៃ​ឃុំ​អូរ​បី​ជាន់ នោះ​ប្រាកដ​មែន​។ ប៉ុន្តែ​លោក​មានប្រសាសន៍ថា បញ្ហា​នេះ​ពុំមែន​ខាង​សមត្ថកិច្ច​ខ្មែរ​ដែល​ប្រចាំការ​នៅ​ទីនោះ មិន​ស្រឡាញ់​ទឹកដី​របស់ខ្លួន​នោះទេ​។ មូល​ហេតុដែល​ពុំបាន​ទៅ​រារាំង​ពលរដ្ឋ​ថៃ នោះ ដោយសារ​ពុំមាន​បញ្ជា​ពី​ថ្នាក់លើ​៖ «​ពួក​ខ្ញុំ​ទទួល​បទបញ្ជា​ពី​ថ្នាក់ លើ​ឲ្យ​ដាក់​កម្លាំង​ការពារ​តំបន់​នោះ​ជាប្រចាំ ហើយ​ខ្ញុំ​ក៏បាន​រាយការណ៍​ជុំវិញ​បញ្ហា​នេះ​ទៅ​ថ្នាក់លើ​ជា​រៀងរាល់ថ្ងៃ ដែរ​»​។​

​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា មានប្រសាសន៍ថា ហេតុការណ៍​ដែល​កើតឡើង​ចំពោះមុខ សមត្ថកិច្ច​មិន​បំពេញការងារ​ដោយ​មិនបាច់​ទទួលបញ្ជា​ពី​ថ្នាក់លើ​ឡើយ​។​

​ទោះ​យ៉ាងនេះ​ក្ដី ប្រជាពលរដ្ឋ​អះអាងថា នៅពេលដែល​ពលរដ្ឋ​ថៃ ចូលមក​ធ្វើស្រែ​ក្នុង​ទឹកដី​ខ្មែរ​ម្ដងៗ គឺ​តែងតែមាន​ប៉ូលិស​ថៃ ជាច្រើន​នាក់ ចូលមក​ការពារ​ដល់​ប្រជាកសិករ​របស់គេ​ជានិច្ច​៖ «​សមត្ថកិច្ច ថៃ គេ​មកពី​ដំបូង​ចំនួន ៣​នាក់​។ ក្រោយមកទៀត គេ​បញ្ជូន​កម្លាំង​ប៉ូលិស​ចំនួន ១០​នាក់​បន្ថែមទៀត ដើម្បី​ការពារ​ឲ្យ​ប្រជាពលរដ្ឋ​របស់គេ​។ សមត្ថកិច្ច​គេ​ចូលមក​ដល់ ពួកគេ​បញ្ជា​ឲ្យ​ពលរដ្ឋ​ថៃ ភ្ជួរ​ដី​ធ្វើស្រែ​លើទឹក​ដី​របស់​ខ្មែរ​តែម្ដងទៅ​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះដែរ អភិបាលខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំ​សារឿ​ត មានប្រសាសន៍ថា ផ្ទៃដី​ដែល​អ្នកភូមិ​អះអាងថា ប្រជាពលរដ្ឋ​ថៃ ចូលមក​ធ្វើស្រែ​នោះ គឺ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​មាន​សញ្ជាតិ​ទៅ​រស់នៅ​ប្រទេស​ថៃ ដែល​ពួកគេ​ធ្លាប់​ដាំ​ដុះ​នៅលើ​ដី​នោះ​ពីមុន​មកហើយ​។ ម្យ៉ាងវិញទៀត ដោយសារ​មាន​កិច្ចព្រមព្រៀង​អនុសារណៈ​យោគយល់​គ្នា ឬ​ហៅថា អិ​ម​.​អូ​.​យូ (MOU) ឆ្នាំ​២០០០ ដែល​បានកំណត់​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ​ដែល​ធ្លាប់​ដាំ​ដុះ​អាស្រ័យ ផល​នៅ​លើដី​ចំណុច​ណា ឲ្យ​រក្សា​នៅ​ដដែល​សិន​៖ «​អ៊ីចឹង​ទេ​បានជា​រឿង នោះ​វា​នៅ​ស្មុគស្មាញ​ទៅ​។ ម្យ៉ាងទៀត យើង​មាន ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​ទើប​ចេញ​ថ្មី បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន សម ផា​ណា​រិ​ទ្ធ អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ធ្វើ​ផ្លូវ ដើម្បី​ឈានទៅ​បើក​ច្រកទ្វារ​នៅ​ទីនោះ​។ ប៉ុន្តែ​បើក​ច្រក​នោះបាន លុះ​ណា​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​អ្នកកាន់កាប់​ឲ្យ​អស់​ជាមុនសិន​»​។​

​ទោះ​យ៉ាងនេះ​ក្ដី លោក ស៊ុំ ច័ន្ទ​គា មានប្រសាសន៍ថា ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​ថៃ ចូលមក ស្រែ​នោះ​កន្លង​មកជា​ដី​របស់​ខ្មែរ ហើយ​អាជ្ញាធរ​បណ្ដោយ​ឲ្យ​ពលរដ្ឋ​ថៃ ចូលមក​ធ្វើស្រែ​ជា​បន្តបន្ទាប់​៖ «​ថៃ មក​ធ្វើស្រែ​ក្នុង​ទឹក​ខ្មែរ​នៅ​ចំណុច​ព្រំដែន​នោះ​ទៅបាន ដោយមាន​ពាក់ព័ន្ធ​មន្ត្រី​មេ​ច្រក​ជាប់​សាច់ញាតិ​ជាមួយ​ថៃ ដែល​បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ​ថៃ ចូលមក​ធ្វើស្រែ​»​។​

​យ៉ាងណា លិខិត​លេខ​៥៨៣ ស​.​ជ​.​ណ ផ​.​ក ចុះ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៣ របស់​គណៈរដ្ឋមន្ត្រី​ត្រង់ចំណុច​ទី​២ ភាគី​កម្ពុជា បាន​បញ្ជាក់ថា ភាគី​កម្ពុជា បាន​សុំ​ឲ្យ​ភាគី​ថៃ មុននឹង​ចូលទៅ​ធ្វើស្រែ​ជា​បណ្ដោះអាសន្ន ត្រូវ​ជួបពិភាក្សា​គ្នា​រវាង​គណៈ​កម្ម​ការ​ចម្រុះ​នៃ​ប្រទេស​ទាំងពីរ ដើម្បី​កុំ​ឲ្យ​មានការ​រុករាន​បន្ថែមទៀត​។ ក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ លោក ស ខេង នោះ​ឲ្យ​ដឹង​ទៀតថា កន្លងមក​ប្រជាពលរដ្ឋ​ថៃ មក​ធ្វើស្រែ​ក្នុង​ទឹកដី​កម្ពុជា មិនបាន​សុំ​ការអនុញ្ញាត​ពី​គណៈកម្មការ​ចម្រុះ​នៃ​ភាគី​កម្ពុជា ទេ​។

ម្យ៉ាងទៀត ក៏​ពុំមាន​ប្រជាពលរដ្ឋ​ថៃ មក​ធ្វើស្រែ​ទៀត​ដែរ​។ លិខិត​ដដែល​បញ្ជាក់ថា ដើម្បី​ធានា​ការពារ​ឲ្យ​បាន​នូវ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បាន​គង់វង្ស អាជ្ញាធរខេត្ត​ត្រូវ​បញ្ឈប់​ការចូល​មក​ធ្វើស្រែ​របស់​ប្រជាពលរដ្ឋ​ថៃ ក្នុង​ទឹកដី​កម្ពុជា ទោះបី​ក្នុង​រូបភាព​ណាក៏ដោយ​។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ ប្រជាពលរដ្ឋ​ថៃ នៅតែ​ចូលមក​ធ្វើស្រែ​ក្នុង​ទឹកដី​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ នោះ​ដដែល​៕​ប្រ​ភ​ពះ​RFA

កមនហ

​ទីតាំង​ដី​ដែល​ពលរដ្ឋ​ថៃ ចូលមក​ធ្វើស្រែ​នៅ​ចំណុច​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

រូបថត​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥RFA/Hum Chamroeun

ybvc