ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាគាំទ្រឲ្យរដ្ឋាភិបាលរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីបទឧក្រិដ្ឋអ៊ីនធើណែតឲ្យបានលឿនដើម្បីងាយស្រួលទប់ស្កាត់បទល្មើសតាមបណ្តាញសង្គមដែលបង្ករឲ្យប៉ះពាល់ដល់ប្រទេសជាតិ និងសិទ្ធប្រជាពលរដ្ឋ។
លោក ឈាង វុន សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩ថា ដល់ពេលដែលត្រូវបង្កើតច្បាប់នេះឡើងហើយ ខណៈបច្ចុប្បន្ននេះបណ្តាញអ៊ីនធើណែត និងបណ្តាញទំនាក់ទំនងសង្គមកុំពុងរីកចំរើន និងអាចបង្ករភាពវឹកវរ ព្រោះឧក្រិដ្ឋជនតែងតែផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រើប្រាស់បណ្តាញសង្គមទៅប្រព្រឹត្តបទល្មើសផ្សេងៗ។
លោកបញ្ជាក់ថា ក្រសួងមហាផ្ទៃកំពុងរៀបចំដំណើដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋអ៊ីនធើណែតនេះ ដោយរដ្ឋសភារង់ចាំពិនិត្យ និងអនុម័តគាំទ្រនៅពេលនីតិវិធីរៀបចំច្បាប់នេះធ្លាក់ដល់ដៃរដ្ឋសភា។
លោកបញ្ជាក់ថា នៅពេលច្បាប់នេះបានអនុម័តរួចរាល់ហើយ នឹងក្លាយជាឧបករណ៍គតិយុត្តិ សម្រាប់ទប់ស្កាត់កាជួញដូរគ្រឿងញៀន ទប់ស្កាត់ការជួញដូរមនុស្ស និងបទល្មើសឧក្រិដ្ឋកម្មផ្សេងៗជាច្រើនផងដែរ។
យោងតាមនីតិវិធីនៃការតាក់តែងច្បាប់មួយដែលស្នើឡើងដោយរាជដ្ឋាភិបាល ដំបូង មន្ត្រីនីតិកម្ម និងអ្នកពាក់ព័ន្ធនៃក្រសួងជំនាញត្រូវរៀបចំសិក្សាចងក្រងសេចក្តីពង្រាងច្បាប់ ដើម្បីសុំការគាំទ្រពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
បន្ទាប់មកត្រូវបញ្ជូនសេចក្តីព្រាងច្បាប់ដែលគណៈរដ្ឋមន្ត្រីអនុម័តរួចទៅឲ្យរដ្ឋសភាសិក្សាពិនិត្យ និងអនុម័ត ។ រដ្ឋសភាអនុម័តរួចហើយត្រូវបញ្ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យ និងឲ្យយោបល់ រួចហើយឆ្លងទៅក្រុមប្រឹក្សាធម្មនុញដើម្បីពិនិត្យធម្មនុញភាព។ បន្ទាប់ពីនិត្យរួចរាល់ហើយនឹងត្រូវដាក់ថ្វាយព្រះមហាក្សត្រទ្រង់ឡាយព្រះហត្ថលេខាប្រកាសឲ្យប្រើតាមពេលវាជាក់ស្តែង៕ ប្រភព : ក្រសួងព័ត៌មាន