ភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃនេះ លោក គុណ ញឹម អគ្គនាយកដ្ឋានគយ សម្រេចផាកពិន័យក្រុមហ៊ុនចំនួនជាង ១.០០០លានរៀល ចូលថវិការដ្ឋ និងតម្រូវឲ្យដឹកទៅប្រភពដើមវិញត្រឹមថ្ងៃទី២៤ ខែសីហា ខាងមុខនេះ។
ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើសន្និសីទកាសែតនៅរសៀលថ្ងៃទី៣០ ខែកក្កដា នេះ ដើម្បីបង្ហាញលទ្ធផលនៃការស្រាវជ្រាវករណីនាំចូលកាកសំណល់ប្លាស្ទីក៨៣ កុងតឺន័រ ទម្ងន់១,៥៩២ តោន ត្រូវបាននាំមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
នៅក្នុងសន្និសីទកាសែតនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បាន បញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន”CHUNGYUEN PLASTIC MANUFACTURE Co., LTD” ដែលមានម្ចាស់ឈ្មោះ សួន ឡុក ជាជនជាតិខ្មែរជាអ្នកទទួល និងនាំចូលសំណល់សំរាមចូលកម្ពុជា។ បើតាម លោក គុណ ញឹម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់វិធានការដាក់បន្ទុកចំពោះក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD បីចំណុច គឺត្រូវនាំចេញទំនិញកាកសំណល់បាស្លឹកទាំង៨៣ កុងតឺន័រ ត្រឡប់ទៅប្រទេសដើមវិញ ត្រូវរងពិន័យរដ្ឋបាលជាប្រាក់ ១ពាន់ ៣៧លាន ៥សែន (មួយពាន់ សាមសិបប្រាំពីរលានហាសិបម៉ឺន) រៀល ដែលត្រូវបង់ចូលជាប្រយោជន៍ថវិកាជាតិ ក្នុងនោះក្រុមហ៊ុន ត្រូវអនុវត្តចំណុចទី ១និងចំណុចទី២ ខាងលើឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ជាកំហិត។ ក្នុងករណីក្រុមហ៊ុនខកខានមិនបានអនុវត្តនូវចំណុចទាំង៣ ខាងលើ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបន្តចាត់វិធានការតាមផ្លូវតុលាការស្របតាមច្បាប់ជាធរមាន។
ទោះបីយ៉ាងណា ក៏ដោយ គេមិនបានរកឃើញក្រុមហ៊ុនមួយនេះ ជាប់ពាក់ព័ន្ធទៅនឹងម្ចាស់ជា ជនជាតិចិន រឺបុគ្គលិកចិនធ្វើការនោះទេ ដោយក្រុមហ៊ុននេះបានជួលអគារការិយាល័យមួយនៅតំបន់សេដ្ឋកិច្ចចេជាំង។
បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រាបានបញ្ជាក់ឲ្យដឹងថា ក្រសួងបានបានយកសំណាកនៃសំណល់ប្លាស្ទីកនោះទៅធ្វើពិសោធន៏រួចរាល់ ប៉ុន្តែសំណល់នោះមិនមានសារធាតុ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាននោះទេ។ តែយ៉ាងណា សំណល់ទាំងនោះជាសំណល់ដែលត្រូវបានហាមឃាត់ ដូច្នោះក្រុមហ៊ុនត្រូវដឹកសំណល់ទាំងនោះទៅកាន់ប្រទេសដើមវិញជាកំហិត។
គួរជម្រាបដែរថា ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE Co., LTD” នេះមានប្រធានជាជនជាតិខ្មែរឈ្មោះសួន ឡុក ដោយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។ ទំនិញជាកាកសំណល់ប្លាស្លឹក បាននាំមកជាច្រើនជើងនាវាដឹកជញ្ជូន (២៧លើក) មកដល់និងសំចតនៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លើកទី១ នាខែកញ្ញា ឆ្នាំ ២០១៨ និងលើកចុងក្រោយ នាខែមករា ឆ្នាំ២០១៩ សរុបទាំងអស់ចំនួន ៨៣ ក្នុងតឺន័រ មានទំហំ៤០ហ្វីតដូចគ្នា។ តាមឯកសារដឹកជញ្ជូនបានរកឃើញថា មានកុងតឺន័រ ចំនួន៧០ (មានទម្ងន់១, ៣២២ តោន) បានចេញមកពីសហរដ្ឋអាមេរិក និងកុងតឺន័រចំនួន១៣ (មានទម្ងន់២៧០តោន) បាននាំចេញមកពីប្រទេសកាណាដា ។ តាមឯកសារដឹកជញ្ជូន មុននឹងមកដល់កម្ពុជា កុងតឺន័រទាំង ៨៣ នោះបានឆ្លងកាត់កំពង់ផែប្រទេសសឹង្ហបុរី(២២ជើង) ម៉ាឡេស៊ី (២ជើង) និង វៀតណាម (៣ជើង)៕