ដោយ ៖ សុផល
ខេត្តស្ទឹងត្រែង ៖ ទីតាំងសិប្បកម្មចំនួន២៣កន្លែងក្នុងក្រុងស្ទឹងត្រែង ត្រូវបានកម្លាំងចម្រុះរបស់គណ:កម្មការបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ខេត្ត បានចុះត្រួតពិនិត្យ ក្នុងរយ:ពេលពេញមួយថ្ងៃ ដោយរកឃើញសិប្បកម្មចំនួន១៦ ដែលគ្មានច្បាប់អនុញ្ញាត្តិត្រឹមត្រូវទៅតាមច្បាប់រដ្ឋបាលព្រៃឈើ ។
បើតាមការឲ្យដឹងពីកម្លាំងសមត្ថកិច្ចជំនាញ ស្ថិតក្នុងប្រតិបត្តិការនោះ ថាសិប្បកម្មទាំង១៦ទីតាំង ក្រោយរកឃើញថាគ្មានច្បាប់នោះ គឺត្រូវបានក្រុមគណ:កម្មការបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ខេត្ត សម្រេចបិទចោលទាំងស្រុង នឹងមិនមានការអនុញ្ញាត្តិឲ្យបន្តអាជីវកម្មទៀតនោះទេ ហើយឈើដែលនៅក្នុងសិប្បកម្មគ្មានច្បាប់នោះ ក៏ត្រូវបានរឹបអូសមួយចំនួនផងដែរ យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ។
ដោយឡែកនៅក្នុងប្រតិបត្តិការដដែលនោះ សមត្ថកិច្ច ក៏បាននាំខ្លួនកម្មករជនជាតិវៀតណាមចំនួន៥នាក់ ពីក្នុងសិប្បកម្មដ៏ធំមួយនៅចំនុចភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង យកទៅសាកសួរនៅការិយាល័យអន្តោប្រវេសន៍ នៃស្នងការរដ្ឋាននគរបាលខេត្ត ។
ពាក់ព័ន្ធនិងករណីនេះលោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្ត បានប្រាប់ឲ្យដឹងថា កម្មករជនជាតិវៀតណាមទាំង៥នាក់នោះ មន្រ្តីជំនាញបានឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយរកឃើញថាមានឯកសារស្របច្បាប់ ក្នុងការបំពេញការងារនៅក្នុងសិប្បកម្ម ។
ក្រៅពីនេះ ក៏នៅមានសិប្បកម្មធំៗជាច្រើនកន្លែងទៀត ត្រូវបានម្ចាស់អះអាងថា មានលិខិតអនុញ្ញាត្តិត្រឹមត្រូវ ។
រីឯនៅថ្ងៃទី៣១កក្កដានេះ ក្រុមការងាររបស់គណ:កម្មការបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ខេត្ត នៅបន្តសកម្មភាព ចុះត្រួតពិនិត្យសិប្បកម្មនៅបណ្តាស្រុកមួយចំនួនទៀត ដែលជាស្រុកសំបូរទៅដោយបទល្មើសព្រៃឈើ ដូចជាស្រុកសៀមប៉ាង និងស្រុកសេសានជាដើម ៕