ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅរសៀលថ្ងៃ០៧ សីហា នាសណ្ឋាគារ សូហ្វីតេលភ្នំពេញ ដើម្បីបង្ហាញពីសក្តានុពលនៃប្រទេសនីមួយទៅកាន់ធុរជន។
ថ្លែងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅរសៀលថ្ងៃទី០៧ សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញសក្តានុពលសំខាន់ៗចំនួន៥ ចំពោះវិនិយោគិនស្រីលង្កា គ្រាដែលកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ច៧,៧ភាគរយ។ សម្តេចតេជោថ្លែងថា កម្ពុជាស្វាគមន៏រាល់ការវិនិយោគ គ្រប់បណ្តាប្រទេសណាទាំងអស់មកកាន់កម្ពុជា។ សម្តេចបានបញ្ជាក់ថា ភាពអំណោយផលនៃស្ថេរភាពនយោបាយនិងម៉ាក្រូសេដ្ឋកិច្ច ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជានិងអ្នកវិនិយោគបរទេស គឺជាសក្តានុពលគន្លឹះ ដែលវិនិយោគិនគួរមកបន្តាក់ទុនរកស៊ីនៅកម្ពុជា។ ជាមួយគ្នានេះ កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេងដែលក្នុងនោះប្រជាជនដែលមានអាយុ ៣៥ ឆ្នាំចុះមានចំនួនដល់ទៅ៧០ភាគរយ នៃចំនួនប្រជាជនសរុបគួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង ពិសេស កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ានដែលតំបន់នេះ បាននិងកំពុងក្លាយជារោងចក្រនៃអាស៊ី ហើយ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកទីផ្សារអនុតំបន់មេគង្គនិងទីផ្សារអាស៊ាននិងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។ សម្តេចតេជោ លើកទឹកចិត្តដល់អ្នកវិនិយោគស្រីលង្កា ធ្វើការពិភាក្សាបន្ថែមជាមួយ ធុរៈជនកម្ពុជា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ពី សក្ដានុពលនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងនេះសម្តេចតេជោ ក៏សូមលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជា ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេសពិចារណាយកប្រទេសស្រីលង្កាជាប្រទេសគោលដៅរបស់ខ្លួន។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ប្រកាសសូមស្វាគមន៍ចំពោះ រាល់ការសំរេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ជាពិសេសអ្នកវិនិយោគស្រីលង្កា ដែលមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ក្នុងការចាប់ផ្ដើមឬពង្រីកអាជីវកម្មរបស់ខ្លួន។
គួរបញ្ជាក់ដែរថា កម្ពុជា និងស្រីលង្កា បានចាប់ផ្ដើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីជាង៦ទសវត្សរ៍មុនមកម្ល៉េះ ពោលគឺចាប់ពីឆ្នាំ១៩៥២ ប៉ុន្តែចំណងការទូតនេះត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជាចាប់ពីឆ្នាំ១៩៧៥។ ប្រទេសទងពីរ បានបង្កើតទំនាក់ ទំនងការទូតជាផ្លូវការឡើងវិញកាលពីថ្ងៃទី៦ ខែសីហាឆ្នាំ១៩៩៦ ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាលតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ៕