ដោយ ៖ សុផល
ខេតកំពង់ចាម ៖ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការបង្ការការទប់ស្កាត់ទឹកជំនន់ ទន្លេ មេគង្គ មិនឲ្យហូរចូល ក្នុងក្រុងនៅរដូវទឹកឡើងខាងមុខនាល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នេះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយថ្នាក់ដឹកនាំ នៃមន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទ្វារប្រព័ន្ធលូ ២កន្លែង ស្ថិតនៅ ក្នុង សង្កាត់ បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
សូមបញ្ជាក់ផងដែរថា នៅទូទាំងក្រុងកំពង់ចាម មានប្រព័ន្ធលូមេធំៗ រំដោះទឹកចំនួន ៦កន្លែង ក្នុងនោះ ២កន្លែង បានជួសជុលទ្វារទឹក ឲ្យប្រសើរឡើងវិញ បន្ទាប់ពីរងការខូចខាត នារដូវទឹកជំនន់កាលពីឆ្នាំ២០១៨ កន្លងទៅ ។
អាជ្ញាធរតែងតែប្រើប្រាស់លូមេទាំង ៦កន្លែង នេះ ដើម្បី រំដោះទឹកភ្លៀង ឬទឹកដែលប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ចេញពីក្រុង និងទប់ស្កាត់ទឹក ទន្លេ មេគង្គ មិនឲ្យហូរចូលមក ក្នុង ក្រុង កំពង់ចាម នាពេលទឹកជំនន់ធំមកដល់នោះ ។
បេីយោងតាម របាយការណ៍ របស់ លោក អ៊ុ វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បាន បញ្ជាក់ ថា សម្រាប់ខេត្តកំពង់ចាម ចាប់ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ ទឹកទន្លេ មេគង្គមាន កម្ពស់ ៧.០៤ម៉ែត្រ បេី ប្រៀបធៀប នឹង ថ្ងៃ ម្សិលមិញ ទឹក ស្រកចុះ ០.២០ម៉ែត្រ ដោយ ឡែក ឆ្នាំ ២០១៨កន្លងទៅ ទឹក មាន កម្ពស់ រហូត ១៥.១៤ម៉ែត្រ ឯណោះ ខណៈកម្ពស់ទឹក ដែល ត្រូវ ប្រកាស អាសន្ន ១៥.២០ម៉ែត្រ ៕
\