កំពង់ចាម ៖ គម្រោង សាងសង់ ឡេីង វិញ សំណង់ខឿនច្រាំងទន្លេដែលជារបាំងការពារទឹកជំនន់លិចលង់ក្រុងកំពង់ចាម ដែលរាជរដ្ឋាភិបាលសម្រេចផ្តល់នូវទឹកប្រាក់ប្រមាណ១,៦លានដុល្លារ តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ដោយការសាងសង់ មានប្រវែង១៧០ម៉ែត្រ ជម្រៅ២១ម៉ែត្រ សាងសង់ដោយក្រុមបច្ចេកទេសក្រសួង ធនធានទឹក និងឧតុនិយម មកដល់ពេលនេះសម្រេចបាន ប្រមាណ ជាង៧០ភាគរយហេីយ ដែលអាច ធានាបាន ក្នុង រង្វង់ កម្ពស់ ទឹកជំនន់ ទន្លេមេគង្គ ប្រមាណ ជាង១០ម៉ែត្រ ដោយ ផ្អែកលើ ប្រវែង កម្ពស់ ជើងទេរ ចំនួន ពីរ កង់ ខាងក្រោម នៅតែខឿនបង្កាន់ដៃការពារទឹកឡើងហួសពីចំណុចប្រកាសអាសន្ន ។ នេះបើតាមការបញ្ជាក់ឲ្យដឹង របស់ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាគម្រោងខាងលើ នាល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នេះដែរ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានជំរុញឲ្យអ្នកទទួលការគម្រោង យកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួន ដើម្បី ឲ្យរួចរាល់ ទាន់មុនរដូវទឹកឡេីងឈានមកដល់ ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីរងការបាក់ស្រុតដោយសារទឹកជំនន់ ទន្លេមេគង្គកាលពីឆ្នាំ២០១៨ កន្លងទៅ អាជ្ញាធរខេត្តក៏បានស្នើសុំជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាល ដើម្បី សាងសង់គម្រោងរបាំងការពារច្រាំងទន្លេប្រវែង ១៧០ម៉ែត្រនេះឡើងវិញ ដើម្បី បញ្ចៀសការបាក់ស្រុតច្រាំង ដែលនាំឲ្យបាក់ដាច់ខូចខាត ប៉ះពាល់ដល់ផ្លូវថ្នល់ ។
ជាមួយនឹងការសាងសង់គម្រោងការពារច្រាំងទន្លេនេះដែរ អាជ្ញាធរខេត្ត ក៏គ្រោងនឹងជួសជុលកែលម្អសួនច្បារ ដែលបានបាក់ស្រុតជាមួយនឹងច្រាំង ឲ្យបានប្រសើរឡើងវិញ ផងដែរ។
បេីយោងតាម របាយការណ៍ របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បាន បញ្ជាក់ ថា សម្រាប់ខេត្តកំពង់ចាម ចាប់ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ទឹកទន្លេ មេគង្គកេីនឡេីង កម្ពស់ ៧.៣២ម៉ែត្រ បេី ប្រៀបធៀប នឹង ថ្ងៃ ម្សិលមិញ ទឹក កេីនឡេីង ០.២៥ម៉ែត្រ ដោយ ឡែក ឆ្នាំ ២០១៨កន្លងទៅ ទឹក មាន កម្ពស់ រហូត ១៥.២២ម៉ែត្រ ឯណោះ ខណៈកម្ពស់ទឹក ដែល ត្រូវ ប្រកាស អាសន្ន ១៥.២០ម៉ែត្រ ៕ សុផល