ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះនឹងមានការចាប់មួកចំនួន២ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2019 ក+ ក-

ភ្នំពេញ ៖ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានប្រកាសថា ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះនឹងមានការចាប់មួកចំនួន២ថ្ងៃ ដើម្បីជាការសម្រួលដល់សិស្សានុសិស្ស។លោកសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្រ្តីស្នងការនរបាលជាតិទាំង២៥រាជធានីនីខេត្តថា ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ដែលនឹងធ្វើនៅថ្ងៃទី១៩និង២០សីហាខាងមុននេះ មន្រ្តីនគរបាលចរាចរណ៍គ្រប់មូលដ្ឋានត្រូវផ្អាកការចាប់មួករយៈពេល២ថ្ងៃ គ្រាន់តែជួយសម្រួលចរាចរណ៍ទៅបានហើយ ដើម្បីសម្រួលដល់សិស្សានុសិស្សបង្កលក្ខណៈឲ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩បញ្ចប់ទៅដោយភាពល្អប្រសើរ។

លោកសន្តិបណ្ឌិត នេត សាវឿន បានថ្លែងលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ កាលពីថ្ងៃ សុក្រម្សិលមិញ ក្នុងពហុកីឡដ្ឋានជាតិ។

សន្តិបណ្ឌិត នេត សាវឿនថា ការធ្វើបែបនេះ គឺជាការជួយសម្រួលធ្វើឲ្យសិស្សានុសិស្សបានទៅដល់កន្លែងប្រឡងទាន់ពេលវេលា នឹងមិនអកខាន់ខាត់ពេលដោយសាការឃាត់ពីសំណាក់នគរបាលចរាចរណ៍នៅតាមមូលដ្ឋាន។ ឯកឧត្តម បានណែនាំបន្ថែមថា សម្រាប់កិច្ចចូលរួមសហការក្នុងកិច្ចការការពារសណ្តាប់ធ្នាប់អំឡុងពេលប្រឡងរយៈពេល២ថ្ងៃមន្រ្តីនគរបាលទាំងអស់ត្រូវប្រើប្រាស់តែកម្លាំងស្រុកបានហើយ ហើយធ្វើយ៉ាងឲ្យកិចសហការចូលរួមនេះមានភាពស៊ីសង្វាក់គ្នា ដើម្បីបង្កលក្ខណៈឲ្យការប្រឡងបានប្រព្រឹត្តិទៅដោយភាពរលូន និងជោគជ័យ។ លោក នេត សាវឿន បញ្ជាក់ទៀតថា ចំពោះកងកម្លាំងមិនត្រូវចូលរួមឆែកឆេរលើបេក្ខជនឡើយ គឺផ្ទៃក្នុងក្រសួងអប់រំត្រូវធ្វើដោយអាចសហការជាមួយក្រុមកាយរិទ្ធបានហើយ។

លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា ឆ្នាំនេះមិនមានការចូលរួមពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជាស្ថិតនៅក្នុងបណ្ឌលត្រួតពិនិត្យដូចមុនឡើយ ពោលគឺមួយរាជធានី ខេត្តនឹងមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយមួយរូបប្រចាំការ រីឯកម្លាំងសហភាពសហព័ន្ធយុវជនកម្ពុជានឹងជួយឆែកឆេរនៅតាមមាត់ច្រកចូលដើរចូលឆេកឯកសារ ឬគ្រឿងអេឡិចត្រូនិកដែលសិស្សយកមកតាមខ្លួនតែប៉ុណ្ណោះ។

លោកបញ្ជាក់ទៀតថា ក្រសួងអប់រំយុវជន និងកីឡាបានកំណត់ហើយថា បុគ្គលដែលមានសិទ្ធយកចូលនិងប្រើប្រាស់គ្រឿង អេឡិចត្រូនិកក្នុងមណ្ឌលប្រឡងមានគណៈមេប្រយោគទូទាំងប្រទេស ប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលប្រធានមណ្ឌលនិងប្រធានសន្តិសុខប្រចាំមណ្ឌល ។បុគ្គលដែលមិនអនុញ្ញាតឲ្យយកចូល និង ប្រើប្រាស់មានបេក្ខប្រឡង អនុប្រធាន សមាជិកអប្បមាទ និង ជំនួយការអប្បមាទ អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល អ្នកត្រួតពិនិត្យអគារ អនុរក្ស សមាជិកសន្តិសុខ និងបុគ្គលិក។ ជាមួយគ្នានេះ រដ្ឋលេខាធិការសុំឲ្យពិនិត្យឡើងវិញពីតម្លៃផ្ញើម៉ូតូកុំឆ្លៀតយកឳកាសប្រឡងដើម្បីតម្លើងថ្លៃសេវា ផ្ញើរម៉ូតូ។

សូមញ្ជាក់ថា ឆ្នាំនេះការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនឹងធ្វើនៅថ្ងៃទី១៩និង២០សីហាហើយឆ្នាំនេះមិនមានការចូលរួមត្រួតពិនិត្យពីអង្គភាពប្រឆាំងអំពើរពុករលួយដូច៤-៥ឆ្នាំកន្លងមកឡើយ។ឆ្នាំនេះក្រសួងអប់រំយុវជន និងកីឡាសហការជាមួយក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថ កម្លាំងសឹករងរាជធានី ខេត្តទាំង២៥ កម្លាំងប្រជាការពារនិងសន្ដិសុខឯកជនដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នាពេលប្រឡង ៕