ក្រុងព្រះសីហនុ ៖ ក្រុមហ៊ុនរបស់ចិន មួយឈ្មោះក្រុមហ៊ុន Yunnan មានបំណងវិនិយោគ លើប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ហើយលោកអភិបាលខេត្តព្រះសីហនុ បានស្នើឱ្យក្រុមហ៊ុននោះ ត្រូវសិក្សាឱ្យបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩នេះ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលសាលាខេត្ត។
ប្រភពដដែល បានបញ្ជាក់ថា បំណងនេះ ធ្វើឡើងក្នុងជំនួប រវាងលោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។
ការប្រកាសពីគោលបំណងវិនិយោគលើប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នេះ ស្របពេលដែលខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលទាមទារនូវហេដ្ឋារចនាសម្ពន្ធជាច្រើន ពិសេសប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភណ័ភាព បរិស្ថានទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។
លោក គួច ចំរើន បានស្វាគមន៍គម្រោងវិនិយោគប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ពេលនេះ ប៉ុន្តែលោកស្នើឲ្យក្រុមហ៊ុនត្រូវមានផែនការ គម្រោងប្លង់គោល លម្អិតរាប់ទាំងទុនវិនិយោគ និងរយៈពេលសាងសង់ ដើម្បីឲ្យរដ្ឋបាលខេត្ត ដាក់ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃអនុម័ត៕