កិច្ចប្រជុំប្រចាំសប្តាហ៍នៃគណៈរដ្ឋមន្ត្រីកម្ពុជានឹងបន្តលើកពេលម្តងទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2019 ក+ ក-

ភ្នំពេញ ៖ កិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈរដ្ឋមន្ត្រីកម្ពុជា ដែលធ្លាប់ធ្វើជាទៀងទាត់រៀងរាល់នៅថ្ងៃសុក្រ នឹងត្រូវបន្តលើកពេល ដោយសារតែមិនទាន់មានរបៀបវារៈគ្រប់គ្រាន់ដើម្បីបើកកិច្ចប្រជុំ។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា កិច្ចប្រជុំប្រចាំសប្តាហ៍នៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី១៦ សីហា ខាងមុខនេះ នឹងបន្តលើកពេល ដោយសារតែមិនទាន់មានរបៀបវារៈគ្រប់គ្រាន់ដើម្បីបើកកិច្ចប្រជុំ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបដិសេធថា ការលើកពេលនៃកិច្ចប្រជុំនេះ មិនមានអ្វីពាក់ព័ន្ធនឹងអវត្តមានជាសាធារណៈរបស់សម្តេចនាយករដ្ឋ មន្ត្រី ហ៊ុន សែន ក្នុងកិច្ចអន្តរាគមន៍ផ្ទាល់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុង គ្រោះទឹកជំនន់នេះទេ។
គួររំលឹកថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានលើកពេលម្តង កាលពីថ្ងៃសុក្រ ទី២៦ ខែកក្កដា កន្លងទៅ គឺនៅចំពេលអវត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បើតាមលោក ផៃ ស៊ីផាន ទោះបីជាលោកនាយករដ្ឋមន្ត្រី មិនទាន់ចេញមុខអន្តរាគមន៍ដោយផ្ទាល់ក្តី តែសម្តេចបានចេញបញ្ជាឲ្យមន្ត្រីរបស់លោក ចុះបេសកម្មជួយសង្គ្រោះរួចជាស្រេចទៅហើយ។ ហើយម្យ៉ាងទៀត គ្រោះទឹកជំនន់ដោយទឹកភ្លៀងនារយៈពេលប៉ុន្មានថ្ងៃមកនេះ នៅមិនទាន់ឈានដល់កម្រិតប្រកាសអាសន្នដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចេញមុខដោះស្រាយជាបន្ទាន់នោះដែរ៕