ខេត្តឧត្តរមានជ័យ ៖ បុរសចំណាស់ម្នាក់ដែលបានបាត់ខ្លួនពីផ្ទះអស់រយៈពេល៤ថ្ងៃមកហើយនោះ គឺបានរកឃើញសាក សព នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដែលជារឿងឃាតកម្មដោយជន សង្ស័យបានយក សាកសព ទម្លាក់ចោលក្នុងព្រៃមួយកន្លែង ក្បែរភូមិប្រហែល ៥០០ម៉ែត្រ ក្នុងភូមិ ព្រលាន ឃុំអន្លង់ វែង ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យ។ ក្នុងនោះ កម្លាំងជំនាញ បានឃាត់ជន សង្ស័យ ២នាក់ ដែលម្នាក់ឈ្មោះ ឆាយ ឡុង ហៅជ្រក់ ភេទប្រុស អាយុ ២៧ឆ្នាំ ជាចៅអធិការ វត្ត បុរីព្រៃជ្រុំ ហៅវត្តដី ថ្មី ស្ថិតនៅភូមិដីថ្មី ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងម្នាក់ទៀតដែលត្រូវ ជាបងប្អូនម្តាយ តែមួយ ឪពុកផ្សេងគ្នាឈ្មោះ អ៊ុយ ឡូ ភេទប្រុសអាយុ ២២ឆ្នាំ រស់ភូមិអូរស្រឡៅ ឃុំថ្លាតស្រុកអន្លង់ វែង ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នៃ ស្នង ការនគរបាល ខេត្ត ឧត្តរមានជ័យ បានអោយដឹងថា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ គ្រួសារ ជនរងគ្រោះ បានរាយការណ៍ ទៅសមត្ថកិច្ច ថា បានបាត់ជនរងគ្រោះឈ្មោះ ផាត់ ហាត់ ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យ រួមជាម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ១B ២៨៩៥ ឧត្តរ មានជ័យ បាន ចេញពីផ្ទះកាលពីវេលាម៉ោង១២ថ្ងៃ ត្រង់ ថ្ងៃទី១៣ ខែឆ្នាំដដែល តែមិនឃើញ ត្រឡប់មកផ្ទះវិញ។
លុះប្រពន្ធនិងកូនៗ រួមសាច់ញាតិ បានខិតខំប្រឹងប្រែងដើរកមិនឃើញ តែត្រូវបានប្រជាពលរដ្ឋ អ្នករើសអេដចាយបានប្រទះឃើញតែម៉ូតូជនរងគ្រោះ កាលពីព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្បែរគល់ស្ពានអូរជីក តាមបណ្តោយផ្លូវជាតិលេខ៦៧B ស្ថិតក្នុងភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រមទាំងឃើញអាវ ជនរងគ្រោះនៅក្បែរគល់ស្ពាន រួមនឹងម៉ូតូ ប្រឡាក់សុទ្ធតែឈាម។ ពេលនោះ កម្លាំងជំនាញបានចុះធ្វើកោសលវិច្ច័យ ដែលជារឿងឃាតកម្ម ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈ ពេល៣ថ្ងៃ ទើបកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ ២ នាក់ ម្នាក់ឈ្មោះ ឆាយ ឡុង ហៅជ្រក់ អាយុ២៧ឆ្នាំ ជាព្រះចៅអធិការវត្តបុរីព្រៃជ្រុំ ហៅវត្តដីថ្មី ស្ថិត នៅភូមិដីថ្មី ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងម្នាក់ទៀតឈ្មោះ អ៊ុយ ឡូភេទប្រុសអាយុ ២២ ឆ្នាំ ដែលត្រូវជាប្អូនម្ដាយតែមួយឪពុកផ្សេងគ្នា រស់នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង។
លោកឧត្តមសេនីយ៍ត្រីបន្តថា តាមចំលើយជនសង្ស័យជាសង្ឃឈ្មោះ ឆាយ ឡុង ហៅជ្រក់ ចៅ អធិការវត្ត បានប្រាប់សមត្ថកិច្ចថា ខ្លួនបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះតែម្នាក់ឯង ដោយបាន អោយជនរងគ្រោះដឹក ហើយពេលដល់កន្លែងស្ងាត់ ក៏វាយនឹងញញួរចំកញ្ចឹងករ.ពីក្រោយនិងក្បាល រួចហើយដឹកយកទៅទម្លាក់ចោលនៅព្រៃស្ងាត់ក្បែរភូមិព្រលាន។ ដោយសមត្ថកិច្ចបានអោយជនសង្ស័យទៅចង្អុល បង្ហាញទីតាំងដែលយកសាកសពជនរងគ្រោះ យកទៅទម្លាក់ចោល ដែលរយពេល៤មកហើយ សាកសពហើមស្ទើរ តែស្អុយរលួយ ហើយក្រោយ ពី ជំនាញពិនិត្យរួច ក៏ប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបញ្ជាក់បន្ថែមថា ជនដៃដល់ជាសង្ឃ ហ៊ានលើកដៃសម្លាប់ជនរង គ្រោះ ដោយសារតែ ជនសង្ស័យ បានជំពាក់លុយជនរង គ្រោះចំនួន ៤៥០០ដុល្លា ហើយធ្លាប់លួង លោមជនរងគ្រោះ មិនអោយប្រាប់អ្នកណាទាំងអស់ ហើយណាមួយជនរងគ្រោះ ក៏បានដឹងរឿងរ៉ាវ ដែលលោកធ្លាប់មានស្រីញី និងលេងល្បែងកន្ទុយលេខ ដូច្នេះ ហើយ ជនសង្ស័យបានរៀបគំរោង សម្លាប់ជនរងគ្រោះ ដឹកយកសាកសពទៅចោលក្នុងព្រៃខាងកើតទីរួមស្រុកអន្លង់វែង រួចហើយយក ម៉ូតូ និងអាវ ដែលប្រឡាក់ ឈាម ទៅទុកចោលនៅខាងលិចទីរួមស្រុកអន្លង់វែង ដើម្បីបំភ័ណ្ឌគោល ដៅរបស់សមត្ថកិច្ច។ តែទោះបីយ៉ាងណាក៏ដោយ ទោះជាចំលើយរបស់ជន សង្ស័យថា ខ្លួនតែម្នាក់ ជាអ្នកធ្វើសកម្មភាពសម្លាប់ជនរងគ្រោះក្តី តែកម្លាំងជំនាញ នៅបន្តនីតិវិធីសាកសួរជនសង្ស័យ នៅ ឡើយ។