សម្តេចនាយករដ្ឋមន្ត្រីប្រកាសពីរចនាសម្ព័ន្ធការងាររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកំណត់ជាផ្លូវការនូវរចនាសម្ព័ន្ធ និងរបៀបរបបការងារឱ្យបានច្បាស់លាស់របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ ពីអង្គភាពនេះ បានដាក់ដំណើរការអស់រយៈពេលជាច្រើនខែដោយមិនទាន់មានការចាត់តាំងជាកម្មវិធី និងរបៀបវារៈឲ្យបានត្រឹមត្រូវ។

យោងតាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវបាន ចុះហត្ថលេខាសម្តេចតេជោ ហ៊ុន សែន ដាក់ឱ្យអនុវត្តន៍នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ មានចំនួន៧ជំពូក និង១៤មាត្រា ផ្តោតទៅលើប្រសិទ្ធភាពនៃការងារ ព័ត៌មានជូនដល់ សាធារណជនជាតិ និងអន្តរជាតិអំពីការងារ សមិទ្ធផល និងគោលនយោបាយរបស់រាជ រដ្ឋាភិបាល ។

ក្នុងអនុក្រឹត្យបានបញ្ជាក់ផងដែរថា សមាសភាពរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានឥស្សរ ជនមួយរូប ទទួលបន្ទុកលើកិច្ចការនាំពាក្យរាជរដ្ឋាភិបាលជាប្រធានអង្គភាព និងអ្នកនាំពាក្យតាម ក្រសួង ស្ថាប័ននីមួយៗ ជាអនុប្រធាន និងសមាជិក ដែលកំណត់ដោយសេចក្តីសម្រេចរបស់ រាជ រដ្ឋាភិបាល។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានទីប្រឹក្សា និងក្រុមជំនួយការ ហើយអនុប្រធាន និងសមាជិកត្រូវបំបេញការងារតាមការកំណត់របស់ប្រធាន។

អង្គភាពនេះ មានតួនាទីស្នូលក្នុងការសម្របសម្រួលឱ្យមានឯកភាព ប្រសិទ្ធភាព សណ្តាប់ធ្នាប់ ក្នុង កាតផ្តល់ និងការផ្សាយព័ត៌មានដែលពាក់ព័ន្ធនឹងសមិទ្ធផលការងារ និងគោលនយោបាយរាជរដ្ឋា ភិបាល, ដឹកនាំ គ្រប់គ្រងនិងធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល , សម្របសម្រួលជាមួយបណ្តាញសារព័ត៌មានផ្លូវការ និងបណ្តាញទំនាក់ទំនងសង្គមជាតិ និងអន្តរ ជាតិ និងលំហូរព័ត៌មានឱ្យមានប្រសិទ្ធភាព, ស្រាវជ្រាវ ប្រមូល ចងក្រងឯកសារពាក់ព័ន្ធនានា ពី គ្រប់អង្គភាពព័ត៌មាននៃបណ្តាក្រសួងស្ថាប័ន, ពន្យល់ និងផ្សព្វផ្សាយអំពីប្រសិទ្ធភាព នៃកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់បណ្តាញសារព័ត៌មាន ក៏ដូចជាសាធារណជន ដើម្បីចៀស វាងការបកស្រាយខុស ជាហេតុនាំឱ្យមានការវាយតម្លៃអវិជ្ជមានលើរាជរដ្ឋាភិបាល, រៀបចំសន្និសីទ សារព័ត៌មាន សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធ ភាព , រៀបចំបណ្តុះបណ្តាល ពង្រឹងសមត្ថភាពជំនាញ ដល់សមាជិកអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិ បាល មន្ត្រីនាំពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអនុវត្តតួនាទី និងភារកិច្ចផ្សេងៗទៀត តាមការ ប្រគល់ជូនរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអម នាយក រដ្ឋមន្ត្រី ជាប្រធាន អមដោយអនុប្រធានចំនួន ៥រូប និងសមាជិក២៥រូបផ្សេងទៀត ដែលសុទ្ធតែជា អ្នកនាំពាក្យមកពីក្រសួងនានា។ អង្គភាពនេះ តែងតែបានធ្វើសន្និសីទព័ត៌មាន ឆ្លើយតបនឹងបញ្ហា សង្គម ជារៀងរាល់ថ្ងៃព្រហស្បតិ៍។អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានលេខាធិការដ្ឋាន មួយជា សេនាធិការ មានទីតាំងនៅទីស្តីការគណៈរដ្ឋមន្ត្រី និងមាននាយកដ្ឋានចំណុះចំនួន៣រួមមាន៖ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច, នាយកដ្ឋានកិច្ចការសាធារណៈ និងបណ្តុះបណ្តាល និងនាយក ដ្ឋានព័ត៌មាន បណ្ណសារ និងបច្ចេក វិទ្យាឌីជីថល៕