ភ្នំពេញ : ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះបានប្រព្រឹត្តិទៅតាមការកំណត់ របស់ក្រសួងអប់រំ យុវជននិងកីឡាមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩និងថ្ងៃទី២០ខែសីហា សម្រាប់ព្រឹកនេះ ថ្ងៃទី១៩ គឺប្រឡងលើវិញ្ញាសា ប្រវត្តិវិទ្យា និង ជីវវិទ្យា ហើយនៅពេលរសៀល មាន គីមីវិទ្យា និង ភាសារបរទេស ចំណែកនៅថ្ងៃទី២០ ស្អែកនេះ មានវិញ្ញាសារ ពេលព្រឹក អក្សរសាស្រ្តខ្មែរ និង រូបវិទ្យា ពេលរសៀល គណិតវិទ្យា សរុបមកមាន៧មុខវិទ្យា។
ថ្លែងនៅក្រោយកាត់វិញ្ញាសារប្រឡង នាព្រឹកម៉ិញនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាស្រ្តឱ្យដឹងថា ក្រសួងបានសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងការរៀបចំនិងពង្រឹងការគ្រប់គ្រងទៅលើអប្បមាត្រ និងជ្រើសរើសជំនួយការអប្បមាត្រ ចំនួនជាង២ពាន់នាក់ ដើម្បីរាយការណ៍នូវរាល់សកម្មភាព និងអំពើពុករលួយ ឬ សកម្មភាពមិនប្រក្រតីណាមួយ ក្នុងមណ្ឌល ឬ បន្ទប់ប្រឡង ទូទាំងរាជធានីខេត្ត។
ទាក់ទិននឹងការចេញកំណែរឆ្នាំនេះ លោករដ្ឋមន្រ្តីបញ្ជាក់ថា មិនឱ្យមានការថ្លោះធ្លោយ ផ្នែកបច្ចេកទេសដូចឆ្នាំមុនទៀតទេ គឺក្រសួងបានបង្កើត អនុគណកម្មការបច្ចេកវិទ្យាមួយ ហើយបានរៀបចំកម្មវិធីថ្មី សម្រាប់ការបូកផ្សំពិន្ទុ រៀបចំមជ្ឈមណ្ឌលកុំព្យូទ័រចំនួន២ មានប្រព័ន្ធ២ មាននិតិវិធី ក្នុងការត្រួតពិនិត្យ មើលលទ្ធផលច្បាស់លាស់ យកលទ្ធផលមកវិភាគមួយរយៈសិន ឱ្យអ្នកបច្ចេកទេសបញ្ចូលទៅក្នុងប្រព័ន្ធកម្មវិធី ទើបប្រជុំសម្រេចប្រកាសលទ្ធផល។ដោយឡែកចំពោះករណីរកឃើញថា មានសញ្ញាសំគាល់មិនប្រក្រតី នៅលើសន្លឹកកិច្ចការ
ចំណែក លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធ យុវជនរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា ស.ស.យ.ក បានបង្កើនឱ្យមានកម្មវិធីតម្រង់ទិសដល់សិស្ស ទៅតាមទីផ្សារការងារដោយសហការជាមួយក្រសួងការងារផ្ទាល់ រួមជាមួយអាណាព្យាបាល ដោយផ្តល់ជូននូវវគ្គបំប៉ន ឱ្យសិស្សបានសិក្សាដោយខ្លួនឯងតាមកម្មវិធីអនឡាញចំពោះមុខវិទ្យាដែលត្រូវប្រឡង។ សម្រាប់បេក្ខជនប្រឡង ឆ្នាំនេះមានការផ្លាស់ប្តូរច្រើន គឺពួកគេមានភាពជឿជាក់លើខ្លួនឯងច្រើន ដោយពួកគេបានខិតខំរៀនសូត្រតាំងពីដើមទីមក។
ជាមួយគ្នានោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបង្ហាញពីការរៀបចំកម្លាំង ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ទាំងខាងក្រៅបរិវេណ ក៏ដូចជាតាមមណ្ឌលប្រឡងនានា ទាំង២៧មណ្ឌល ក្នុងរាជធានីភ្នំពេញ បានយ៉ាងមានប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងឆ្នាំមុនៗ៕