ខេត្តកំពង់ចាម ៖ ពូជស្រូវសែនក្រអូប ចំនួន២៨.៦៥០គក្រ ជាអំណោយរបស់លោកលោកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់ជូនប្រជាកសិករចំនួន ៥៧៣គ្រួសារ នៅក្នុងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ពិធីចែកពូជស្រូវនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅបរិវេណវត្តស្រាម ក្រោមអធិបតីភាពលោក ឱក គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ ។
លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះលោក រដ្ឋមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកជើងព្រៃ ដែលបានសម្រេចចិត្ត ផ្ដល់នូវពូជស្រូវ ដើម្បី ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធាររណៈ កាលពីពេលថ្មីៗកន្លងទៅនេះ ។
លោកអភិបាលខេត្ត បានថ្លែងថា នៅក្នុងឃុំស្រម៉រ ស្រុកជើងព្រៃ មានផ្ទៃដីស្រូវ រងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត មានចំនួន ៣៥៨ហិចតា ស្មើនឹង ៥៧៣គ្រួសារ ។
ដោយមានការយកចិត្តទុកដាក់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ក៏បានផ្ដល់ស្រូវពូជ ចំនួន២៨.៦៥០គីឡូក្រាម ដល់ប្រជាកសិករទាំង ៥៧៣គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានពូជស្រូវ ចំនួន ៥០គីឡូក្រាម សម្រាប់យកទៅដាំដុះ ដើម្បីស្ដារលទ្ធភាពបង្កបង្កើនផលឡើងវិញ ។
លោក បានលើកឡើងដែរថា កាលពីខែកក្កដា កន្លងទៅ ខេត្តកំពង់ចាម ជួបបញ្ហាប្រឈមដោយគ្រោះរាំងស្ងួត នៅតំបន់មួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវចំនួន៦០០៣ហ.ត ក្នុងនោះស្រុកបាធាយប៉ះពាល់ ១២ឃុំ ស្មើនឹង ២១.៤៥ហ.ត ស្រុកជើងព្រៃ ប៉ះពាល់ ៩ ឃុំ ស្មើនឹង ៣១៨១ហ.ត ស្រុកព្រៃឈរប៉ះ ពាល់ ១២ឃុំ ស្មើនឹង ៥៣០ហ.ត ស្រុកស្ទឹងត្រង់ប៉ះពាល់ ៣ឃុំ ស្មើនឹង ១៤៧ហ.ត ផងដែរ ។
លោក ឱក គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ពូជស្រូវ ដែលបានចែកជូន នាពេលនេះ វាមិនសម្រាប់បងប្អូនទាំងអស់ឡើយ ពោលគឺ បានចែកជូនសម្រាប់តែអ្នកប៉ះពាល់ ពិតប្រាកដ និងមានតម្រូវការចាំបាច់ ប៉ុណ្ណោះ ។ដូច្នេះ សូមបងប្អូនផ្សេងៗទៀត មានការយោគយល់អធ្យាស្រ័យ ចំពោះ អំណោយនេះ ផងដែរ ។
តាមរយៈនេះ សូមបងប្អូន ដែលទទួលបានពូជស្រួវហើយ សូមយកទៅទុកដាក់ និងសាបព្រោះ លើដីបង្កបង្កើនផល ឲ្យទាន់ពេលវេលា ដេីម្បីស្តារជីវភាពក្នុងគ្រួសារបងប្អូនឡេីងវិញ ៕ ដោយ: សុផល