ភ្នំពេញ ៖ លោក Yoshihisa KAINUMA ប្រធានក្រុមហ៊ុន Minebea Mitsumi បានបញ្ជាក់ថា នៅចំពោះរដ្ឋមន្ត្រីបរិស្ថានថា ក្រុមហ៊ុននឹងផ្តល់អំពូល LED ជាង៧ពាន់បង្គោល សម្រាប់បំភ្លឺនៅភ្នំពេញ និងនៅសៀមរាប ជាផ្នែកមួយនៃការអនុវត្ត កិច្ចសហប្រតិបត្តិការលើគម្រោងទីក្រុងវៃឆ្លាត។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ កាលពីរសៀលម្សិលម៉ិញ នៅទីស្តីការក្រសួងបរិស្ថាន លោក Yoshihisa KAINUMA ប្រធានក្រុមហ៊ុន Minebea Mitsumi បានអរគុណ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ដាន ដែលបានគាំទ្រ និងសហប្រតិបត្តិការលើគម្រោងទីក្រុងវៃឆ្លាត។ មកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងអំពូល LED សម្រាប់ការបំភ្លឺផ្លូវពេលយប់ ហើយអំពូលភ្លើងនេះបានចូលរួមក្នុងការសន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសនី។
អំពូលភ្លើងទាំងនេះ ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅកម្ពុជា និងប្រើប្រាស់កម្លាំងពលរដ្ឋកម្ពុជា។ បើតាមលោកប្រធាន Yoshihisa KAINUMA គម្រោងនេះត្រូវបានអនុវត្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយអំពូល LED ចំនួនជាង៧៣០០ បង្គោលដែលបម្រើឱ្យទម្រង់នៃទីក្រុងវៃឆ្លាត នឹងត្រូវដាក់ប្រតិបត្តិការនៅឆ្នាំនេះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដំឡើងបានចំនួន ១ ១៨៧ បង្គោលនៅតាមមហាវិថីចំនួន ៣ នៅរាជធានីភ្នំពេញ។ ចំណែកនៅខេត្តសៀមរាប ក្រុមហ៊ុនបានចុះអនុស្សរណនៃការយោគយល់ជាមួយរដ្ឋបាលសាលាខេត្តសៀមរាបរួចហើយដើម្បីដំឡើង LED បន្ថែមចំនួន ៥០០ ទៀត។ គម្រោងនេះក៏នឹងអាចបន្តអនុវត្តនៅខេត្ត្តព្រះសីហនុដែរ។ នេះបើតាមការបញ្ជាក់របស់លោក Yoshihisa KAINUMA។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍នូវវឌ្ឍនភាពការងាររបស់ក្រុមហ៊ុនមីនេបៀលើគម្រោងទីក្រុងវៃឆ្លាត តាមរយៈការប្រើប្រាស់អំពូលភ្លើងដែលប្រើប្រាស់ចរន្តអគ្គិសនីតិចនេះ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការប្រើប្រាស់ចរន្តអគ្គិសនីជាមួយនឹងអំពូលដែលស៊ីភ្លើងតិច មិនមែនត្រឹមតែជួយសន្សំសំចៃចរន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមកាត់បន្ថយការបំពុលដោយពន្លឺ ជួយសន្សំសំចៃថវិកា និងចូលរួមការពារបរិស្ថាន ហើយធ្វើឱ្យទីក្រុងមានផាសុកភាពក្នុងការរស់នៅ។ លោករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានផ្តួចផ្តើមគំនិតរៀបចំសិក្ខាសាលាដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនមីនេបៀនេះបង្ហាញនូវបច្ចេកវិទ្យាដែលជួយដល់បរិស្ថាននេះដល់ម្ចាស់បុរី និងម្ចាស់សំណង់នានា៕