កម្ពុជានឹងមានព្រឹត្តិការណ៍ធំៗមួយចំនួននៅពេលខាងមុខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា កម្ពុជានឹងមានព្រឹត្តិការណ៍ធំៗមួយ ចំនួននៅពេលខាងមុខ ដែលព្រឹត្តិការណ៍ទាំងនោះនឹងផ្តើមឡើងចាប់ពីចុងឆ្នាំ២០១៩នេះ រហូតដល់ឆ្នាំ២០២៣ ដែលជាឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គែម។

ថ្លែងបិទសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជាកាលពីល្ងាចថ្ងៃទី២១ សីហា រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា កម្ពុជានឹងមានព្រឹត្តិការណ៍ធំៗមួយចំនួនក្នុងនោះមាន៖ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍សហការជាមួយអង្គការទេសចរណ៍ពិភពលោក រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ ទេសចរណ៍ទទួលបន្ទុកការអភិវឌ្ឍប្រកបដោយចីរភាពនៅខេត្តសៀមរាប ដែលនឹងមានតំណាងស្ថាប័នទេសចរណ៍ មកពីប្រមាណ ៣០ប្រទេស។ ចុងឆ្នាំ២០១៩នេះដែរ កម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិស្តីពីការសម្រួលការធ្វើ ដំណើរនៃប្រទេសអាស៊ានបូក៣ ដោយមានប្រទេសអាស៊ានបូក៣ចូលរួម និងអង្គការជាតិអន្តរជាតិនានាផងដែរ។ នៅដើមឆ្នាំ២០២០ ឯណោះវិញ ក្រសួងទេសចរណ៍នឹងរៀបចំការប្រណាំងកង់អន្តរជាតិតាមបណ្តោយឆ្នេរសមុទ្ទ កម្ពុជា ដែលជាការប្រណាំងមានទម្រង់ដូចគ្នាទៅនឹង Tour de France នៅប្រទេសបារាំងអញ្ចឹងដែរ ដោយសហ ការជាមួយសហព័ន្ធជិះកង់អន្តរជាតិ ហើយនឹងមានការចូលរួមពីបណ្តាអ្នកជិះកង់មកពីជុំវិញពិភពលោក ខណៈ ដែលក្រសួងទេសចរណ៍តែងតែរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុនជារៀងរាល់ឆ្នាំនៅក្នុងតំបន់អង្គរ។

លោក ថោង ខុន បានបន្តថា ក្នុងឆ្នាំ២០២០ខាងមុខនេះដែរ រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀប ចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប ហើយនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ដដែល ក្រសួងទេសចរណ៍នឹងសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំមហោស្រពអូពេរ៉ាអន្តរជាតិជាលើកដំបូងនៅក្នុងតំបន់អង្គរ ដើម្បីអបអរខួប ២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរអប្សរា។ ដោយឡែកនៅខែមករា ឆ្នាំ២០២១ ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាទេសចរណ៍ អាស៊ាន ២០២១។ សម្រាប់ឆ្នាំ២០២២ ឯណោះវិញ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន មុននឹង កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គែមនៅឆ្នាំ២០២៣ ដោយ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើសុំ ឱ្យផ្នែកពាក់ព័ន្ធទាំងអស់ចូលរួមសហការ និងគាំទ្រចំពោះកម្មវិធីជាអន្តរជាតិទាំងនេះ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍សំខាន់ៗទាំងប៉ុន្មានខាងលើឱ្យទទួលបានជោគជ័យ៕