កម្ពុជាត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចផ្លូវការនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2019 ក+ ក-

ភ្នំពេញ ៖ លោកបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី នឹងអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការនៅកម្ពុជា នាដើមកញ្ញាខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ជាមួយអន្តរក្រសួងនៅព្រឹកថ្ងៃទី២៧ សីហាព្រឹកម៉ិញនេះ។

លោកបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងលោកជំទាវ រួមជាមួយនិងគណៈប្រតិភូជាន់ខ្ពស់ និងអញ្ជើញទស្សនកិច្ចនៅកម្ពុជា រយះពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី៤ នាដើមខែកញ្ញាខាងមុខនេះ។ នេះបើតាមការបញ្ជាក់អោយដឹង របស់ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិនៅព្រឹកម៉ិញ។

លោកឈិន កេតនា បានបញ្ជាក់ថា យោងទៅតាមគម្រោងនៃការអញ្ជើញទស្សនៈកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។ ចំពោះពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ នឹងធ្វើឡើងនៅវិមានសន្តិភាព និងបន្តកិច្ចប្រជុំទ្វេភាគី រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាមួយនិងឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ីផងដែរ។ លោកនាយករដ្ឋមន្រ្តី ក៏និងអញ្ជើញចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា -អញ្ជើញចូលជួបសម្តែងការគួរសម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ក្រៅអំពីការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ក៏នឹងអញ្ជើញធ្វើបឋកថាពិសេស ស្តីពីសេដ្ឋកិច្ចម៉ាឡេស៊ី ទៅកាន់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដោយឡែក លោកជំទាវបណ្ឌិត ស៊ីទី ហាស់ម៉ា មហាម៉ាត់ អាលី (ភរិយានាយករដ្ឋមន្ត្រី) ក៏និងអញ្ជើញទៅកាន់ទីស្នាក់ការកាកបាទក្រហមកម្ពុជា ចូលជួបសម្តែងការគួរសម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា-ហើយលោគជំទាវក៏និងអញ្ចើញ បំពេញទស្សនកិច្ចសារមន្ទីរព្រះស្រីឦសានវរ្ម័នផងដែរ៕