ភ្នំពេញ៖ស្រ្តីជាជនជាតិខ្មែរវ័យ32ឆ្នាំម្នាក់បានចុះពីលើយន្ត ទាំងមានសតិមិនប្រក្រតីវង្វេងវង្វន់ ដែលគេសង្ស័យ ថានាងបានចាញ់បោកមេខ្យល់នាំយកទៅលក់នៅប្រទេសចិនហើយ ត្រូវបានសមត្ថកិច្ចចិនបញ្ជូន ត្រឡប់មកប្រទេសកម្ពុជាវិញ។
ស្រ្តីរូបនោះ ត្រូវបានគេប្រទះឃើញ បន្ទាប់ពីចុះពីលើយន្តហោះកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យហើយ នៅវេលាម៉ោងប្រមាណ៨ព្រឹកត្រូវបានគេរាយការណ៍ប្រាប់នគរបាលមូលដ្ឋានចុះទៅទទួល។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅជាប់ខ្លួនស្រ្តីរូបនេះមិនមានលិខិតឆ្លងដែនឬអត្តសញ្ញាណប័ណ្ណទេ គឺមានតែលិខិត១សន្លឹកដែលខាងប្រទេសចិនបញ្ជូននាងមក ។
តាមរយៈលិខិតនោះនាងត្រូវបានគេស្គាល់ឈ្មោះតុន សោភ័ណ អាយុ៣២ឆ្នាំ ប៉ុន្តែមិនដឹងថា មានទីលំនៅក្នុងភូមិ ឃុំ ស្រុក ខេត្តណាឡើយ។តាមព័ត៌មានអោយដឹងទៀតថា នៅពេលសួរនាំ ពីស្រុកកំណើត នាងពុំចាំនោះទេ គឺវង្វេងតែនាងបាននិយាយថា នាងចាញ់បោកមេខ្យល់នាំយកទៅលក់នៅប្រទេសចិនរយៈពេល៥ខែមកហើយ ត្រូវបានគេធ្វើបាបជាខ្លាំង។
ស្រ្តីរូបនោះ ត្រូវបានសមត្ថកិច្ចមានការសង្ស័យ ថានាង ត្រូវបានគេនាំយកទៅលក់នៅប្រទេសចិន ហើយធ្វើបាបរហូតមានសតិមិនប្រក្រតីហើយ ត្រូវបានសមត្ថកិច្ចចិនបញ្ចូនតាមយន្តហោះមកកាន់កាន់ប្រទេសកំណើតវិញ។ទោះបីជាយ៉ាងណា គេពុំដឹងច្បាប់ពីរឿងរ៉ាវដែលធ្វើអោយស្រ្តីរូបនោះធ្លាក់ខ្លួនបែបនោះឡើយ ។
នៅព្រឹកនោះដែរ បន្ទាប់ពីសាកសួរមិនដឹងពីផ្ទះសម្បែង ខាងវទ្យុអេប៊ីស៊ីក៍បានអោយសមត្ថកិច្ច បញ្ជូនទៅកាន់ស្ថាននីយ៍ដើម្បីស្រាវជ្រាវរកបងប្អូន៕ម៉េង ធា